ចាញ់មិនអស់ចិត្តកីឡាករថៃកង ចក្រ សុំសងសឹកអ៊ុង ភារាក់ ម្តងទៀត

ដោយ ៖ ពិ ជ័យ
ថ្ងៃទី18 ខែ08 ឆ្នាំ2017 ម៉ោង 2:29 PM

ភ្នំពេញ ៖ កីឡាករថៃកង ចក្រ(Kang Chhak) អ្នកប្រដាល់ខានឡើងប្រកួតយូរបស់ថៃ កើតទុកមិនសុខចិត្ត ប្រកាសមកសងសឹកលើកីឡាករជើងខ្លាំងកម្ពុជាអ៊ុង ភារាក់ អ្នកប្រដាល់នៃក្លិបទ័ពឆ័ត្រយោង៩១១ ដែលខ្លួនបានប្រកួតចាញ់មិនអស់ចិត្តជាមួយកីឡាករជើងខ្លាំងកម្ពុជាកាលពីលើកមុន នៅលើសង្វៀនអាស៊ីអាគ្នេយ៍ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧នេះ ។

ក្នុងជំនួបគ្នាលើកមុនកីឡាករថៃកង ចក្រ ត្រូវកីឡាករកម្ពុជា អ៊ុង ភារាក់ វាយឲ្យសន្លប់ហើយការប្រកួតកាលនោះភារាក់មានប្រៀបតាំងពីដើមទឹកទី១មកម្ល៉េះ។ ហើយក្នុងការមក
សងសឹកលើកនេះត្រូវបានអ្នកតាមដានប្រដាល់លើកឡើងថា កីឡាករថៃកង ចក្រនឹងមានការលំបាក ឬក៏អាចថាជាការសងសឹកមួយដែលគេអាចដឹងពីលទ្ធផលមុនក័ថាបានដែរ មិនអាចសងសឹកលើកីឡាករកម្ពុជាអ៊ុង ភារ៉ាក់បានឡើយ។

កីឡាករអ៊ុង ភារាក់ គេជាអ្នកប្រដាល់មួយរូបដែលនៅរាល់ពេលប្រកួតគេមិនសូវទុកពេលឲ្យគូប្រកួតមានឱកាសដើម្បីតស៊ូជាមួយរូបគេបានយូរនោះឡើយពិសេសគូប្រកួតដែលចាញ់ប្រៀបគេតែម្ដង។ អ្នកប្រដាល់កម្ពុជារូបនេះគេមានស្នៀតល្អទាំងព្រមតែម្តងគឺកណ្ដាប់ដៃពិសេសកែង និងជង្គង់ ហើយកម្លាំងស៊ុហ្វខ្លាំងថែមទៀត គូប្រកួតល្មមៗមិនអាចតស៊ូជាមួយគេបាន៥ទឹកនោះទេ។

ចំណែកកីឡាករថៃកង ចក្រ វិញលោកថៃ អ៊ូដែលជាអ្នកនាំអ្នកប្រដាល់ថៃមកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍អះអាងថាគេមកលើកមុនមិនបានហាត់ត្រៀមខ្លួនល្អទេព្រោះគេខានឡើងប្រកួតយូរហើយ ហើយពេលនេះគេហ្វឹកហាត់បានល្អហេតុនេះប្រហែលជាភារាក់មិនស្រួលយកឈ្នះដូចលើកមុននោះទេ។ ចាំមើលកីឡាករថៃកង ចក្រ អាចសងសឹកលើកីឡាករជើងខ្លាំងកម្ពុជាបានដែរឬយ៉ាងណា។

ដោយឡែកកីឡាករឃីម បូរ៉ា អ្នកប្រដាល់មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ជួបប្រកួតជាមួយអ្នកប្រដាល់ថៃផាត ងិនថង(Phat Ngenthong) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំង២មិនដែលជួបគ្នាទេកន្លងមក។សម្រាប់ជំនួបរវាងអ្នកប្រដាល់ទាំង ២ រូបនេះត្រូវបានអ្នកតាមដានប្រដាល់អះអាងថា ពិតជាលំបាក់ប៉ាន់ស្មានជាមុនពីលទ្ធផលណាស់ព្រោះពួកគេមានសមត្ថភាពប្រហាក់ប្រហែលគ្នា ម្យ៉ាងទៀតបូរ៉ាជាអ្នកប្រដាល់មួយរូបដែលលំបាកទុកចិត្តណាស់ព្រោះពេលខ្លះគេវ៉ៃបានល្អ តែពេលខ្លះខ្សោយតែម្ដងតែគេមានផ្លែ និង ប្លង់វ៉ៃល្អរហ័ស តែមានចិត្តប្រដាល់តូចមិនសូវហ៊ានប្តូរជាមួយគូប្រកួតឡើយ។ រីឯកីឡាករផាត ងិនថងវិញគេមិនសូវពូកែលេងកែងឡើយតែកណ្ដាប់ដៃ ជង្គង់ និងទាត់បានល្អ មានចលនាវ៉ៃចេញចូលបានល្អមិនតែប៉ុណ្ណោះការវ៉ៃចេញរបស់គេធ្ងន់ទៀតផង។ ចាំមើលក្នុងការប្រកួតនេះឃីម បូរ៉ា ជាអ្នកឈ្នះឫកីឡាករថៃផាត ងិនថង?៕ ឧត្តរ៉ាវត្តី

Untitled design (3)