ស្រវឹងស្រា បើក លុច​ស៊ី​ស LX470 ​លឿន គេច​ពី​ម៉ូតូ​មួយគ្រឿង ក៏​ជ្រុល​ទៅបុក​ឃ្លាំង​ស្តុ​ប​សំបក​កង់​រថយន្តខ្ទេច

ដោយ ៖ សុខ សាន្ត
ថ្ងៃទី28 ខែ07 ឆ្នាំ2018 ម៉ោង 10:30 AM

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រា បានបើកបរថយន្តលុចស៊ីស LX470មួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន ហើយបានគេចពីម៉ូតូមួយគ្រឿង ក៏ជ្រុលទៅបុកឃ្លាំងស្តុបសំបកកង់រថយន្ត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០ និង៥០នាទីយប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចឃ្លាំងស្តុបសំបកកង់រថយន្តមួយកន្លែង នៅខាងកើតខនដូរ NOBLESSF ចម្ងាយប្រមាណ១០០ម៉ែត្រ តាមបណ្តោយផ្លូវ៣៣៧ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

សាក្សីបាននិយាយឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង បានបើកបររថយន្តមួយគ្រឿងម៉ាក លុចស៊ីស LX470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AC-4719 តាមបណ្តោយផ្លូវ៣៣៧ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បើនយ៉ាងលឿនដូចហោះ។ លុះមកដល់ចំណុចកើតហេតុ រថយន្តបង្កខាងលើ ក៏វាក់អើនិងម៉ូតូមួយគ្រឿង មិនចាំម៉ាក ដែលកំពុងតែធ្វើដំណើរនៅខាងមុនរថយន្តបង្ក។ ហើយរថយន្តបង្ក ក៏បួងចង្កូតទៅខាងឆ្វេងគេចពីម៉ូតូ រួចក៏ជ្រុលទៅបុករបងថ្មឃ្លាំងកើតហេតុ បណ្តាលឲ្យរបងថ្មមួយផ្ទាំង ទំហំប្រហែល៣ម៉ែត្រគុណមួយម៉ែត្រកន្លះ និងសសរថ្មមួយ រួមទាំងទ្វារដេកមួយផ្ទាំងរងការខូចបាត់រលំ ទៅសង្កត់នៅគូទរថយន្តមួយ គ្រឿងម៉ាក តូយូតាតាកូម៉ា ពណ៌ស គ្មានស្លាកលេខ ដែលឈប់ចតនៅក្នុងឃ្លាំងខាងលើ បង្កឲ្យរងការខូចខាតក្រពឹតផ្នែកខាងក្រោយ។ ដោយឡែករថយន្តបង្ករងការខូចខាតក្រពឹតផ្នែកខាងមុខ ស្ទើរទាំងស្រុង។

ក្រោយពីកើតហរតុនៅក្នុងឃ្លាំងគ្មានមនុស្សនៅ សមត្ថកិច្ចមូលដ្ឋាន ក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញ ឲ្យចុះមកធ្វើការវាស់វែង និងស្ទូចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយទៅតាមផ្លូវច្បាប់៕

photo_2018-07-28_07-46-16-600x450 photo_2018-07-28_07-46-24-600x450 photo_2018-07-28_07-46-28-600x450 photo_2018-07-28_07-46-30-600x450 photo_2018-07-28_07-46-33-600x450 photo_2018-07-28_07-46-35-600x450