ស្រលាញ់ ពេក   យកថ្នាំញៀន ទៅ  អោយប្ដី ជក់នៅក្នុងគុកធំ ត្រូវចាប់ឃុំខ្លួនដេកគុក ជាមួយគ្នា

ដោយ ៖ សុខ សាន្ត
ថ្ងៃទី26 ខែ10 ឆ្នាំ2018 ម៉ោង 3:24 PM

ភ្នំពេញ៖ ស្ត្រីម្នាក់ ដែល យកថ្នាំញៀន ទៅ  អោយប្ដី ជក់នៅក្នុងគុកធំ ត្រូវបាន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក សេង រិទ្ធី បានសម្រេចចេញដីកាឃុំខ្លួន ហើយកាលពីល្ងាចថ្ងៃទី ២៥ខែតុលាឆ្នាំ២០១៨ ក្រោមចោទប្រកាន់ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន រឿងយកថ្នាំញៀនទៅឲ្យប្ដីនៅក្នុងគុកព្រៃស ម១ ចំនួន៣កញ្ចប់ធំ ។

ជនជាប់ចោទរូបនេះមានឈ្មោះ ឡេ ធីយ៉ាង ភេទស្រី អាយុ២៨ឆ្នាំជនជាតិវៀតណាម មុខរបរលក់ដូរ មានទីលំនៅស្ថិតភូមិ៤ ឃុំកោះរកា ស្រុកកោះរកា ខេត្តព្រៃវែង។

កាលពីថ្ងៃទី ២២ខែតុលាឆ្នាំ២០១៨កន្លងមក វេលាម៉ោង១១និង៥០នាទី កម្លាំងមន្ត្រីមណ្ឌលអប់រំកែប្រែព្រៃស(ម១)បានត្រួតពិនិត្យនឹងឆែកឆែរ លើខ្លួនទណ្ឌិត ឈ្មោះ ឡេ ហាវីត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម រកឃើញក្រាមពណ៌សថ្លាចំនួន ០៣កញ្ចប់ថង់ធំ យកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់ ។ក្រោយពីធ្វើការសាកសួរទណ្ឌិត ឈ្មោះ ឡេ ហាវីត បានប្រាប់ឲ្យមន្ត្រីមណ្ឌលអប់រំកែប្រែព្រៃស(ម១)បានឲ្យដឹងថា ថ្នាំញៀនខាងលើនេះ គឺឈ្មោះ ឡេ ធីយ៉ាង ត្រូវជាប្រពន្ធរបស់គេបានមកចូលសួរសុខទុកហើយបានយកថ្នាំញៀនចំនួន០៣កញ្ចប់ថង់ធំល្មមមកឲ្យ រូបគេបន្ទាប់មកកម្លាំងមន្ត្រីមណ្ឌលអប់រំកែប្រែព្រៃស(ម១)ក៏បានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ឡេ ធីយ៉ាង រួមនិងវត្ថុតាង ប្រគល់ឲ្យកម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ យកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់។

សមត្ថកិច្ចបានឲ្យដឹងថាវត្ថុតាងចាប់យករួមមាន៖

១.ក្រាមពណ៍សថ្លាចំនួន០៣កញ្ចប់ថង់ធំល្មម។

២.ទូរស័ព្ទម៉ាកណូគារចុចពិល(NOKIA) ពណ៌ខ្មៅចំនួន០១គ្រឿង ។ ឥឡូវនេះជនត្រូវចោទបានបញ្ជូនទៅកាន់ពន្ធនាគារព្រៃសដែរហើយតាមកាតចោទប្រកាន់របស់តំណាងអយ្យការនិងការសម្រេចរបស់ចៅក្រមសើបសួរ ៕

IMG_1920 IMG_1921