ផ្ទុះការ​បាញ់​ប្រហារទៀត​ហើយ​ក្នុងរដ្ឋ​ផ្លូរីដា បណ្តាលឲ្យ​មនុស្ស​០២នាក់ស្លាប់ និង០៤នាក់របួស

ដោយ ៖ រិទ្ធី
ថ្ងៃទី03 ខែ11 ឆ្នាំ2018 ម៉ោង 12:06 PM

វ៉ាស៊ីនតោន ៖ នាព្រឹកថ្ងៃសៅរ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ មានបុរសម្នាក់បានបាត់បង់ជីវិតដោយសារធ្វើអត្តឃាតខ្លួនឯង បន្ទាប់ពីរូបគេបានបង្កការបាញ់ប្រហារទៅលើមនុស្សក្នុងទីក្រុង តាល់ឡាហាស្ស៊ី (Tallahassee) នៃរដ្ឋផ្លូរីដា ភាគអាគ្នេយ៍សហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង ០៤នាក់រងរបួស។

អគ្គមេបញ្ជាការប៉ូលិសទីក្រុង Tallahassee លោក ម៉ៃ ឃើលលីអូ (Michael DeLeo) បានថ្លែងថា មនុស្ស ០៤នាក់ ដែលបានទទួលរងរបួសក្រោយករណីបាញ់ប្រហារនោះ កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត ខណៈក្រុមគ្រូពេទ្យកំពុងធ្វើការសង្គ្រោះបន្ទាន់ដល់ពួកគេ។ ការបាញ់ប្រហារបានកើតឡើងនៅលើក្លឹបហាត់យូហ្គា នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មតូចមួយក្នុងទីក្រុង Tallahassee។

គួរបញ្ជាក់ថា តាមសម្តីរបស់មន្ត្រីប៉ូលិសនៅកន្លែងកើតហេតុ ការបាញ់ប្រហារនេះទំនងជាបង្កឡើងដោយសារជម្លោះ ទើបជនបង្កក្រោយធ្វើការបាញ់រះហើយ បានទាញកាំភ្លើងមកបញ្ចប់ជីវិតខ្លួនឯង។ យ៉ាងណាក៏ដោយអត្តសញ្ញាណនៃជនសង្ស័យរូបនេះ មិនទាន់ត្រូវបានបញ្ជាក់នោះឡើយ ដោយប៉ូលិសទីក្រុង Tallahassee នៃរដ្ឋផ្លូរីដា កំពុងធ្វើការស៊ើបអង្កេតបន្តទៀត៕

២ (1) ២ (2) ២ (3)