ក្រសួងមហាផ្ទៃ ព្រមាន ចាត់ វិធានការ បិទ គណនី Facebook លក់ ទិញឱសថតាមអនឡាញ ចៀសវាងឱសថក្លែងក្លាយ

ដោយ ៖ សុខ សាន្ត
ថ្ងៃទី07 ខែ11 ឆ្នាំ2018 ម៉ោង 4:13 PM

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម បានថ្លែងថា  ក្រសួងមហាផ្ទៃ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ នឹងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីឈានទៅដល់ការបិទគណនី Facebook លក់ ទិញឱសថតាមអនឡាញ ចៀសវាងឱសថក្លែងក្លាយ  នាំឲ្យប៉ះពាល់ ដល់សុខភាពរបស់ប្រជាពលរដ្ឋ  ។ជាមួយគ្នានេះ លោក អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំទិញឱសថតាមអនឡាញ ចៀសវាងឱសថក្លែងក្លាយ អន់គុណភាព និងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅល្ងាចថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្រោយបញ្ចប់សន្និសីទថ្នាក់តំបន់ ស្ដីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ អន់គុណភាព និងគ្មានច្បាប់អនុញ្ញាត» នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានគូសបញ្ជាក់ថា ឱសថដើម្បីមានលទ្ធភាព មានសិទ្ធិលក់ និងចែកចាយ នៅក្នុងទីផ្សារបាន ត្រូវតែមានការអនុញ្ញាត ចុះបញ្ជីការត្រឹមត្រូវទៅតាមផ្លូវច្បាប់ ពីក្រសួងសុខាភិបាល។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ក៏បានបង្ហាញនូវចំណេះដឹងជាមូលដ្ឋានខ្លះៗ ដែលប្រជាពលរដ្ឋអាចមើលដឹងពីឱសថក្លែងក្លាយ ដោយទី១៖ នៅលើការវិចខ្ចប់ឱសថមិនមានភាពត្រឹមត្រូវ ពោលការសរសេរអក្សរខុសជាដើម, ទី២៖ ការវិចខ្ចប់ខុសទ្រង់ទ្រាយ ខុសសណ្ឋាន, ទី៣៖ ក្លិន និងពណ៌សម្បុរ (ដាច់រហែក ខ្លិនដូចអាស៊ីត ដូចថ្នាំពុល), ទី៤៖ លេខបញ្ជិការ, ទី៥៖ មានបកប្រែជាភាសាខ្មែរនៅក្នុងប្រអប់ ដែលណែនាំអំពីរបៀបប្រើប្រាស់, ទី៦៖ មានបញ្ជាក់ពីប្រភពដើម ប្រទេសផលិតច្បាស់លាស់ និងទី៧៖ កាលបរិច្ឆេទប្រើប្រាស់។

នាយឧត្តមសេនីយ៍ ប្រធានគណៈកម្មាធិការ ក៏បានព្រមានទៅដល់ក្រុមឧក្រិដ្ឋជនទាំងអស់ ដែលកំពុងផលិត ចរាចរឱសថក្លែងក្លាយ និងអន់គុណភាពនោះថា រាជរដ្ឋាភិបាល នឹងមិនព្រងើយកន្ដើយ និងយកចិត្តទុកដាក់ ហើយធ្វើគ្រប់សកម្មភាពទាំងអស់ដើម្បីបង្ក្រាបការផលិត ការចរាចរ ចែកចាយ ឱសថខុសច្បាប់នេះ ដោយមិនលើកលែងឲ្យជាដាច់ខាត ដែលអ្នកទាំងនោះនឹងត្រូវផ្ដន្ទាទោសតាមផ្លូវច្បាប់។

Untitled design (9)