រដ្ឋមន្រ្តីពាណិជ្ជកម្ម អញ្ជើញសម្ពោធពិធីតាំងបង្ហាញផ្សព្វផ្សាយផលិតផលកម្ពុជា-អន្តរជាតិ ដើម្បីពង្រឹងវិស័យទេសចរណ៍ និងសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំង

ដោយ ៖ រិទ្ធី
ថ្ងៃទី09 ខែ11 ឆ្នាំ2018 ម៉ោង 1:21 PM

កំពង់ឆ្នាំង ៖ ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍ និងពង្រឹងការធ្វើពិពិធកម្មសេដ្ឋកិច្ចមូលដ្ឋាន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាព ពិធីសម្ពោធព្រឹត្តិកាណ៍តាំងបង្ហាញផ្សព្វផ្សាយផលិតផលកម្ពុជា-អន្តរជាតិ ដែលរៀបចំឡើងដោយក្រុមហ៊ុន ណាតតាកាន (ខេមបូឌា) កាលពីរសៀលថ្ងៃពុធ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅស្ថានីយចំណតរថយន្តមិត្តភាពកម្ពុជា-ជប៉ុន ស្ថិតក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

នៅក្នុងសុន្ទរកថាបើកអង្គពិធី ឯកឧត្តម ប៉ាន សូរស័ក្តិ បានបង្ហាញជំនឿថា ព្រឹត្តិការណ៍នេះនឹងបង្កើតឱកាសទីផ្សារ បង្ហាញបរិយាកាសធុរកិច្ច និងសក្ដានុពលវិនិយោគល្អរបស់កម្ពុជា ព្រមទាំងពង្រឹងការអភិវឌ្ឍចង្វាក់តម្លៃផលិតផលក្នុងស្រុក ដើម្បីបង្កើតឱកាសការងារថ្មីៗជូនប្រជាជន ទប់ស្កាត់ការធ្វើចំណាកស្រុក និងកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល។

មួយវិញទៀត ព្រឹត្តិការណ៍នេះ ក៏នឹងជួយទាក់ទាញភ្ញៀវទេសចរណ៍មកកាន់ស្ថានីយចំណតរថយន្តមិត្តភាពកម្ពុជា-ជប៉ុន ក្នុងខេត្តកំពង់ឆ្នាំង ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ផ្ដល់ជូនរាជរដ្ឋាភិបាលកម្ពុជា តាមរយៈមូលនិធិសមាណហរណកម្មជប៉ុន-អាស៊ាន (JAIF) ថែមទៀត។

«នេះគឺជាឱកាសវិសេសវិសាលបំផុត សម្រាប់បងប្អូនកសិករ និងផលិតករ ធ្វើការតាំងបង្ហាញ និងលក់ផលិតផលសក្តានុពលរបស់ខេត្តកំពង់ឆ្នាំង ដោយសារព្រឹត្តិការណ៍នេះ នឹងស្រូបយកភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរកាត់តាមផ្លូវជាតិលេខ៥ និងប្រជាពលរដ្ឋរស់នៅក្នុងទីរួមខេត្ត។ លើសពីនេះ ក៏នឹងជួយបង្កើតឱកាសធុរកិច្ច និងបង្កើនប្រាក់ចំណូលជូនប្រជាជននៅមូលដ្ឋានថែមទៀត» ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែម។

ទន្ទឹមគ្នានោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍តាំងបង្ហាញផ្សព្វផ្សាយផលិតផលកម្ពុជា-អន្តរជាតិ គឺជាសក្ខីភាពដែលបញ្ជាក់ច្បាស់ពីសុខសន្តិភាព និងវឌ្ឍនភាពរបស់កម្ពុជា នៅក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណដល់ក្រសួងពាណិជ្ជកម្ម និងស្ថានទូតព្រះរាជាណាចក្រថៃ ដែលបានសហការរៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ក្នុងខេត្តកំពង់ឆ្នាំង ដែលមានភាពល្បីល្បាញខាងសិប្បកម្មសូនក្អមឆ្នាំង និងត្រីឆ្អើរ ដោយសារមានបឹងទន្លេសាបជាជង្រុកត្រីព័ទ្ធជុំវិញ និងផ្លូវជាតិលេខ ៥ ដែលជាច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង មានលក្ខណៈអំណោយផលសម្រាប់ការដឹកជញ្ជូនភ្ញៀវទេសចរ និងចែកចាយទំនិញ។

សូមជម្រាបថា ព្រឹត្តិការណ៍តាំងបង្ហាញផ្សព្វផ្សាយផលិតផលកម្ពុជា-អន្តរជាតិ នឹងត្រូវប្រារព្ធឡើងក្នុងរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី០៨ ដល់ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ធ្វើការទិញផលិតផលប្រចាំខេត្តកំពង់ឆ្នាំង និងទំនិញថៃដែលមានម៉ាកល្បីៗ។ អមជាមួយព្រឹត្តិការណ៍នេះ ក៏មានការប្រគុំតន្ត្រី និងការសម្តែងសិល្បៈដែលមានការចូលរួមពីតារាចម្រៀងរបស់កម្ពុជា ដើម្បីផ្តល់ភាពកម្សាន្តផងដែរ៕

45560764_2174113859268147_2266827513411928064_n 45617288_2174113809268152_6884083030680403968_n 45636897_2174114832601383_8955249988913332224_n 45642462_2174114902601376_5896465643246452736_n 45665142_2174114655934734_982506483725893632_n