លោកប៉ាន សូរស័ក្តិ  ៖ កម្ពុជាត្រៀមលក្ខណៈរួចរាល់ ដើម្បីចូលរួមពិព័រណ៍ពិភពលោកឌុយបៃ ឆ្នាំ២០២០

ដោយ ៖ សុខ សាន្ត
ថ្ងៃទី26 ខែ11 ឆ្នាំ2018 ម៉ោង 1:16 PM

(ឌុយបៃ)៖នាឱកាសចូលរួមកម្មវិធីលៀងសាយភោជន ស្វាគមន៍អ្នកចូលរួមកិច្ចប្រជុំ IPM លើកទី៣ ដែលរៀបចំឡើង កាលពីរាត្រីថ្ងៃអាទិត្យ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងទីក្រុងឌុយបៃ ប្រទេសសហភាពអារ៉ាប់រួម  លោក ប៉ាន សូរស័ក្តិ  រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានប្រកាសប្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលសហភាពអារ៉ាប់រួម មេដឹកនាំប្រទេស និងតំណាងអង្គការអន្តរជាតិថា កម្ពុជាបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីចូលរួមព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក ដែលនឹងរៀបចំនៅទីក្រុងឌុយបៃ រយៈពេល ៦ខែ ចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។

នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងពីការចូលរួមដ៏សកម្មរបស់កម្ពុជា នៅក្នុងពិព័រណ៍ពិភពលោក និងពិព័រណ៍អន្តរជាតិនាពេលកន្លងមក ព្រមទាំងវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ដែលជាសេនាធិការរបស់ក្រសួងពាណិជ្ជកម្ម មានភារកិច្ចទទួលខុសត្រូវរាល់ការចូលរួមរបស់កម្ពុជា នៅក្នុងព្រឹត្តិកាណ៍ពិព័រណ៍នានា។«ឥឡូវនេះ កម្ពុជាបានត្រៀមលក្ខណៈរួចរាល់ ដើម្បីចូលរួមពិព័រណ៍ពិភពលោកឌុយបៃ ឆ្នាំ២០២០ ហើយប្រាកដណាស់ យើងនឹងទទួលបានជោគជ័យ ដូចការចូលរួមពិព័រណ៍ពិភពលោក នៅសៀងហៃឆ្នាំ២០១០ និងនៅអ៊ីតាលី ឆ្នាំ២០១៥» ។

លោករដ្ឋមន្ត្រី ក៏បានជួបពិភាក្សា និងផ្លាស់ប្តូរយោបល់ ជាមួយមេដឹកនាំប្រទេស និងតំណាងអង្គការអន្តរជាតិ ដែលមានវត្តមាននៅក្នុងកម្មវិធី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងពហុភាគី ជាពិសេសធានាបាននូវចំណែកទីផ្សារសម្រាប់ទំនិញកម្ពុជា នៅក្នុងប្រព័ន្ធពាណិជ្ជកម្មសាកល។

សូមជម្រាបថា ព្រឹត្តិការណ៍ពិព័រណ៍ពិភពលោកឌុយបៃ ឆ្នាំ២០២០ នឹងត្រូវរៀបចំឡើងក្រោមប្រធានបទ “Connecting Minds, Creating the Future” ដើម្បីលើកកម្ពស់ស្មារតីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលបាននាំឱ្យប្រទេសសហភាពអារ៉ាប់រួម ទទួលបានជោគជ័យនៅក្នុងការស្វែងរកមាគ៌ាថ្មី ឆ្ពោះទៅរកការអភិវឌ្ឍ និងនវានុវត្តន៍ (ភាពច្នៃប្រឌិតថ្មី)។ ព្រឹត្តិការណ៍នេះ នឹងក្លាយជាកម្លាំងចលករ ដើម្បីពន្លឿនការតភ្ជាប់ទស្សនៈរួមរបស់ពិភពលោក ព្រមទាំងជំរុញប្រទេសចូលរួមទាំងអស់ ចាត់វិធានការដោះស្រាយបញ្ហាប្រឈមរួមគ្នា ដើម្បីបង្កើតអនាគតភ្លឺស្វាងសម្រាប់មនុស្សទូទាំងសាកលលោក។

46521279_2198984050114461_2194185816706646016_o 46729569_2198968823449317_5062459084003868672_o 46994081_2198967750116091_3911397270171418624_n 47000698_2198967726782760_24771709210984448_o

Loading...