កាន់តែតានតឹង ក្រោយពេលអាមេរិក បញ្ចូននាវាចម្បាំង ទៅកាន់សមុទ្រខ្មៅដើម្បីជួយដល់សម្ព័ន្ធមិត្ត អ៊ុយក្រែន

ដោយ ៖ រិទ្ធី
ថ្ងៃទី06 ខែ12 ឆ្នាំ2018 ម៉ោង 12:27 PM

ភាពតានតឹង រវាង អ៊ុយក្រែននិងរុស្ស៊ី ជុំវិញតំបន់សមុទ្រ រួម Azov កាន់តែតានតឹង ក្រោយពេលអាមេរិក បញ្ចូននាវាចម្បាំង ទៅកាន់សមុទ្រខ្មៅដើម្បីជួយដល់សម្ព័ន្ធមិត្ត អ៊ុយក្រែន ។ កន្លងមក បញ្ហាអ៊ុយក្រែន បានធ្វើឲ្យរុស្សីរងការដាក់ទណ្ឌកម្ម ពីអាមេរិក ។

ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានផ្សាយថា កម្លាំងទាហានអាមេរិកបានចាប់ផ្តើមត្រៀមលក្ខណបញ្ចូននាវាចម្បាំងទៅកាន់សមុទ្រខ្មៅ ក្នុងពេលដែលរុស្ស៊ីនិងអ៊ុយក្រែន កំពុងប្រឈមមុខដាក់គ្នាកាន់តែតានតឹងនៅ ឈូងសមុទ្រ Kerch ។

សារព័ត៌មាន CNN បានដកស្រងសម្តី មន្ត្រីយោធាអាមេរិក បានឲ្យដឹងថា កម្លាំងទាហានអាមេរិក បានស្នើរដល់ក្រសួងការបរទេសផ្តល់ ដំណឹងដល់ប្រទេសតួកគី ពីគម្រោងបញ្ចូននាវាទៅកាន់សមុទ្រខ្មៅ ។ សកម្មភាពខាងលើរបស់អាមេរិក គឺជាការប្រតិកម្ម របស់ទីក្រុងវ៉ាស៊ីនតោនចំពោះ ភាពតានតឹងរវាង រុស្ស៊ី និងអ៊ុយក្រែន ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានបញ្ជាក់យ៉ាងច្បាស់ថា«រាល់សកម្មភាពរបស់អាមេរិកគឺសមស្រប់ទៅនឹង សេចក្តីសម្រេច Montreux ។ ប៉ុន្តែ យើងមិនវិភាគអ្វីជុំវិញការធ្វើសកម្មភាព នឹងទំនាក់ទំនងជាមួយរដ្ឋាភិបាលតួកគី នោះឡើយ»។

តាមសេចក្តីសម្រេច Montreux ឆ្នាំ ១៩៣៦ នាវាចម្បាំងរបស់បណ្តាប្រទេស ដែលមិនមានអធិបតេយ្យនៅដែនសមុទ្រ នោះគឺត្រូវតែផ្តល់ព័ត៌មានដល់ប្រទេសតួកគីជាមុន មុនពេលឆ្លងកាត់ ច្រកសមុទ្រ Bosphorus និង Dardanelles តផ្ជាប់ទៅកាន់សមុទ្រខ្មៅ និងមេឌីទែរ៉ាណេ។តាមច្បាប់ខាងលើ នាវា បណ្តាប្រទេសដែលមិនមាន អធិបតេយ្យភាពនៅលើដែនសមុទ្រ នោះមិនអាច ឈរជើងនៅក្នុងសមុទ្រខ្មៅលើសពី២១ថ្ងៃនោះឡើយ ។

លោក Kyle Raines អ្នកនាំពាក្យកងពលលេខ៦របស់កម្លាំងទាហានជើងទឹកអាមេរិក បានបញ្ជាក់ថា «កងពលលេខ ៦ របស់ទាហានជើងទឹកអាមេរិក បានត្រៀមលក្ខណជានិច្ចរងចាំទទួលបទបញ្ជា។ យើងនឹងបន្តធ្វើសកម្មភាព ជាប្រចាំដើម្បីរក្សាសន្តិសុខស្ថេរភាព នៅក្នុងតំបន់ដែល កងពលលេខ៦ទទួលបន្ទុក ក្នុងនោះមានតំបន់សមុទ្រខ្មៅ និងដែនអាកាសនៅលើតំបន់សមុទ្រខ្មៅ។ យើងមានសិទ្ធធ្វើសកម្មភាពដោយសេរី តាម ច្បាប់អន្តរជាតិ »។

កន្លងមក អ៊ុយក្រែនបានអំពាវនាវ ដល់ សម្ព័ន្ធមិត្តណាតូ នៃ ប្រទេសជាដៃគូ ជួយការពារសន្តិសុខអ៊ុយក្រែនតាមរយៈ នៃការបញ្ចូននាវាចម្បាំង ប៉ុន្តែ ណាតូបានបដិសេធនៅសំណើរទាំងនោះ ។

អ៊ុយក្រែន បាញ់សាកល្បងមីស៊ីលប្រភេទថ្មីទទួលបានជោគជ័យនៅសមុទ្រខ្មៅកាលពីថ្ងៃទី៥ខែធ្នូ ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko បានប្រកាសថា ប្រទេសនេះបានសាកល្បងដោយជោគជ័យ នៅប្រភេទកាំជ្រួចមិស៊ីល Neptun ដ៏ទំនើប ផលិតដោយ ក្រុមហ៊ុន Luch ។

នៅលើបណ្តាញសង្គម Facebook លោក Poroshenko បានបញ្ជាក់ថា កាំជ្រួចមីស៊ីលខាងលើ បានបាញ់ចំគោលដៅនៅចម្ងាយ ២៨០គីឡូម៉ែត្រ ។ ក្នុងថ្ងៃជាមួយគ្នានោះ ក្រុមហ៊ុន Ukroboronprom បានបញ្ចាក់ថា កាំជ្រួចមីស៊ីល Neptun ត្រូវបានបាញ់ចេញពី ទីតាំង នៅតំបន់ Odessa នៅភាគខាងត្បូង អ៊ុយក្រែនដោយបាញ់ចំ គោលដៅនៅលើសមុទ្រខ្មៅ។

តាមការលើកឡើងរបស់ក្រុមហ៊ុន Ukroboronprom កាំជ្រួចមីស៊ីល Neptun ត្រូវបានផលិតឡើង តាមគម្រោង នៃ ប្រព័ន្ធមីស៊ីលការពារ ដោយមានសម្ថភាព នៅក្នុងការការពារទឹកដីអ៊ុយក្រែន៕

4FD789EB-6131-4F70-87A1-1126B71A7D80_w1023_r1_s image uss-truxtun-black-sea.si

Loading...