ករណី ចាប់ រំលោភហើយសម្លាប់ក្មេងស្រីអាយុ៤ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់គុកមួយជីវិត

ដោយ ៖ សុខ សាន្ត
ថ្ងៃទី06 ខែ12 ឆ្នាំ2018 ម៉ោង 1:11 PM

ភ្នំពេញ ៖ បុរសជនជាតិវៀតណាមឈ្មោះ ង្វៀង យាំងយី ហៅអាដំឡូង អាយុ៣៣ឆ្នាំ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោក សេង រិទ្ធី ប្រធានក្រុមប្រឹក្សាបានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតក្រោមការចោទប្រកាន់ពីបទ ឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅឬអំពើរំលោភសេពសន្ថវៈ”តាមមាត្រា២០៥នៃក្រមព្រហ្មទណ្ឌ ទៅលើ ក្មេងស្រីអាយុ៤ឆ្នាំ។

ជនព្រហើនកោងកាចនេះត្រូវបាននាំខ្លួនមកស្ដាប់ការសម្រេចរបស់តុលាការនៅចំពោះមុខ និងបើកផ្លូវអោយប្ដឹងឧទ្ធរណ័តាមកំណត់ច្បាប់ ។
កាលពីវេលាម៉ោង៧:២៥នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ក្មេងស្រីរងគ្រោះ បានរត់ងូតទឹកភ្លៀងលេង ហើយត្រូវបានជនសង្ស័យ លួងលោមនាំយកទៅចំណុចផ្ទះចាស់ ទុកចោលមួយកន្លែង តាមផ្លូវជាតិលេខ០៥ ក្នុងក្រុម៥ភូមិកសង្កាត់ច្រាំងចំរេះ០២ ខណ្ឌឫស្សីកែវ អង្អែលស្ទាបប្រដាប់ភេទ ហើយចាប់រំលោភសេពសន្ថវៈ យកដៃខ្ទប់មាត់ជាប់ធ្វើឱ្យជនរងគ្រោះ ថប់ដង្ហើមរហូតដល់ស្លាប់ ។ បន្ទាប់មកជនដៃដល់បានយកក្មេងស្រីរងគ្រោះ ញាត់ចូលពាងក្នុងបន្ទប់ទឹក រួចហើយលូនតាមបង្អួចចេញទៅសម្ងំនៅមាត់ទន្លេ ។

សមត្ថកិច្ចបានឲ្យដឹងថា ឪពុកម្តាយក្មេងស្រី ដោយបានបាត់កូនយូរមិនឃើញមកផ្ទះ នៅវេលាម៉ោង៨:៣០នាទីយប់ ថ្ងៃដដែលក្រុមគ្រួសារ បានចែកគ្នាដើរស្វែងរក ហើយបានប្រទះឃើញ កូនស្រីស្លាប់ក្នុងពាងទឹក ក្នុងសភាពអាក្រាតកាយ មានហូរឈាមផង មិនអស់ចិត្តអាណិតកូនស្រី ព្យាយាមដឹកយកទៅមន្ទីរពេទ្យបង្អែកសម្តេចឪ តែត្រូវបានគ្រូពេទ្យប្រាប់ថា ក្មេងស្រីរងគ្រោះបានស្លាប់ហើយ។ទាំងក្រុមគ្រួសារ ស្លុតចិត្តទើបរាយការណ៍ប្រាប់ សមត្ថកិច្ចចុះពិនិត្យជាក់ស្តែង ហើយធ្វើការស្រាវជ្រាវភ្លាមៗ រហូតដល់វេលាម៉ោង១០យប់ ថ្ងៃដដែលកម្លាំងសមត្ថកិច្ចស្វែងរកប្រទះឃើញ ជនសង្ស័យនៅមាត់ទន្លេ ទើបចាប់ខ្លួនទៅធ្វើការសាកសួរកសាងសំណុំរឿងបញ្ជូនឡើងតុលាការឃុំខ្លួនរហូតដល់ថ្ងៃកាត់ទោសនិងផ្ដន្ទាទោសនាថ្ងៃនេះ ។នៅក្នុងសវនាការជនដៃដល់បានសារភាពពីទង្វើលាមករបស់គេទៅលើក្មេងស្រីរងគ្រោះ ទើបតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ៕

photo_2018-12-05_14-19-02

Loading...