មន្រ្តីជាន់ខ្ពស់ចិន សន្យាប្រមូលអ្នកវិនិយោគ មកដាក់ទុនរកស៊ីឲ្យកាន់តែច្រើននៅខេត្តបាត់ដំបង

ដោយ ៖ ហេង រតនះ
ថ្ងៃទី19 ខែ12 ឆ្នាំ2018 ម៉ោង 2:16 PM

 

(បាត់ដំបង)៖ នៅក្នុងឱកាសជួបពិភាក្សាការងារនៅសាលាខេត្តបាត់ដំបងកាលពីដើមសប្ដាហ៍នេះ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានជួបជាមួយនឹង គណៈប្រតិភូកំណែទម្រង់ និងអភិវឌ្ឍន៍ និងទំនាក់ទំនងអន្តរជាតិ នៃខេត្តអានហ៊ុយ សាធារណៈរដ្ឋប្រជាមានិតចិន។

ក្នុងជំនួបនោះ ភាគីចិនដឹកនាំដោយលោក Da Yiwu ប្រធានវិស្វករ នៃគណៈកម្មាធិការកំណែទម្រង់ នៃខេត្តអានហ៊ុយ និងលោក Qin Jian នាយផ្នែកបុគ្គលិក នៃគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ខេត្តអានហ៊ុយ។

នៅក្នុងកិច្ចពិភាក្សានោះក៏មានការចូលរួមពីលោក Chen Huajun ទីប្រឹក្សាការិយាល័យការបរទេស នៃនាយកដ្ឋានទូទៅរដ្ឋាភិបាល ប្រជាជនចិនខេត្តអានហ៊ុយ និងប្រតិភូអមដំណើរមួយចំនួនទៀត ហើយភាគីកម្ពុជាក៏មានចូលរួមពីប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ប្រធានមន្ទីរកសិកម្ម ប្រធានមន្ទីររៀបចំដែនដី និងមន្រ្តីជំនាញនានាចំណុះឲ្យសាលាខេត្តមួយចំនួនផងដែរ។

លោក ងួន រតនៈ បានស្វាគមន៍ដល់គណៈប្រតិភូ នៃគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ និងទំនាក់ទំនងសហប្រតិបត្តិការអន្តរជាតិ នៃខេត្តអានហ៊ុយសាធារណៈរដ្ឋ ប្រជាមានិតចិន ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចពិភាក្សា លើគម្រោងអភិវឌ្ឍន៍នៅក្នុងខេត្តបាត់ដំបង។

ថ្លែងក្នុងឱកាសនោះ លោក ងួន រតនៈ បានលើកឡើងពីសក្តានុពល និងប្រជាជនកម្ពុជារស់នៅខេត្តបាត់ដំបង ដែលភាគច្រើន បានប្រកបរបរកសិកម្ម ពាណិជ្ជកម្ម និងសេវាកម្មផ្សេងៗ ទៀត នៅលើទឹកដីខេត្តបាត់ដំបង និងធនធានធម្មជាតិជាច្រើនទៀត ហើយត្រូវការអ្នកវិនិយោគិនបន្ថែម ពិសេសអ្នកវិនិយោគចិន ចូលមករកស៊ីជាមួយគ្នាដើម្បីអភិវឌ្ឍន៍ខេត្តបាត់ដំបង ហើយបានផ្តល់ទីផ្សារការរងារ នៅនឹងកន្លែងជាច្រើនដល់ប្រជាជនកម្ពុជា មានការងារធ្វើ មានជីវភាពធូរធា កាត់បន្ថយចំណាកស្រុក បង្កើនជីវភាពរស់នៅជួបជុំគ្រួសារ ឱ្យកាន់តែប្រសើឡើង។

លោកអភិបាលខេត្ត ក៏បានសំណូមពរដល់គណៈប្រតិភូចិន ជួយដល់ភាគីកម្ពុជា ក្នុងការកែច្នៃកសិផល ទៅជាផលិតផលសម្រេចតាមបែបទំនើប ដើម្បីនាំចេញលក់បានថ្លៃ និងសម្រួលការនាំចេញផលិតផល ឱ្យបានលឿនប្រកបដោយគុណភាព និងប្រសិទ្ធិភាព ដើម្បីលើកស្ទួយជីវភាពប្រជាជន ក្នុងខេត្តមានជីវភាពកាន់តែរីកចំរើនឡើង។ លោកបានថ្លែងអំណរគុណ ដល់ក្រុមហ៊ុនចិនមួយចំនួន ដែលបានវិនិយោគនៅខេត្តបាត់ដំបងកន្លងមក និងបន្តសហការគ្នារកស៊ីជាមួយគ្នា ធ្វើខេត្តបាត់ដំបងមានការអភិវឌ្ឍកាន់តែរីចំរើនតទៅ។

លោក Da Yiwu បានរីករាយ និងទទួលសំណូមពររបស់អភិបាលខេត្តបាត់ដំបង យកទៅសិក្សាបន្ថែម និងណែនាំកៀងគរ អ្នកវិនិយោគចិនលើគ្រប់វិស័យមកអភិវឌ្ឍន៍នៅលើទឹកដីខេត្តបាត់ដំបង ឱ្យមានការរីកចំរើនបន្ថែមទៀត និងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាជាដៃគូល្អនាពេលអនាគត៕

Loading...