FFC៖ HRW កំពុងមានបំណងចង់ទប់ស្កាត់ការរួមចំណែករបស់ Honda ក្នុងការអភិវឌ្ឍបាល់ទាត់

ដោយ ៖ ហេង រតនះ
ថ្ងៃទី21 ខែ12 ឆ្នាំ2018 ម៉ោង 12:32 PM

(ភ្នំពេញ) ៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍ដើម្បីឆ្លើយតប នឹងអង្គការឃ្លាំមើលសិទ្ធមនុស្ស (Human Right Watch)ថា កំពុងតែមានបំណងចង់ទប់ស្កាត់ការចូលរួមចំណែករបស់កីឡាករ Keisuke Honda ក្នុងការអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជា។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា លិខិតរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Right Watches) ដែលបានផ្ញើទៅលោក Keisuke Honda ក្នុងលិខិត លោក Brad Adams នាយកប្រចាំតំបន់អាស៊ី របស់អង្គការអន្តរជាតិមួយ បានសំដែងពីការព្រួយបារម្ភទាក់ទងនឹងកិត្យានុភាពរបស់ Honda ចំពោះកិច្ចសហការជាមួយលោក សៅ សុខា ដែល HRW ចោទថា ជាជាអ្នកដែលរំលោភសិទ្ធិមនុស្ស។ FFC បានច្រានចោលរាល់ការចោទប្រកាន់ទាំងនេះ។

FFC បានលើកឡើងពីគុណសម្បត្តិរបស់លោក សៅ សុខា ដែលបានដឹកនាំស្ថាប័នបាល់ទាត់កម្ពុជា រហូតបានក្លាយជាសមាជិកដ៏ល្អ (Good Citizen) របស់សហព័ន្ធប្រចាំអាស៊ី-អាគ្នេយ៍ (AFF), ប្រចាំអាស៊ី (AFC) រួមទាំងសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ផងដែរ។

ជាមួយគ្នានេះ FFC បានរៀបរាប់ពីការប្រឹងប្រែងរបស់ខ្លួនក្នុងអភិវឌ្ឍន៍បាល់ទាត់កម្ពុជា និងការរួមចំណែកការងារសង្គមផ្សេងៗ ក្រោមគំនិតផ្តួចផ្តើមរបស់លោក សៅ សុខា។

ទាក់ទងនឹងលោក Keisuke Honda សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានរំលឹកពីការចូលរួមស្ម័គ្រចិត្តរបស់កីឡាករលំដាប់ពិភពលោករូបនេះ ក្នុងការអភិវឌ្ឍកីឡាបាល់ទាត់កម្ពុជាឆ្ពោះទៅកាន់កម្រិតតំបន់ និងទ្វីបអាស៊ីទាំងមូល។

បច្ចុប្បន្ន លោក Honda ជាកីឡាកររបស់ក្លិបកំពូលអូស្ត្រាលី Melbourne Victory និងជាអ្នកចាត់ការទូទៅស្ម័គ្រចិត្តរបស់ក្រុមជម្រើសជាតិកម្ពុជា។ FFC បានថ្លែងយ៉ាងដូច្នេះថា៖ «ការចោទប្រកាន់ដោយគ្មានភស្តុតាង និងមានចរិតនយោបាយ មិនត្រឹមតែបន្ទច់បង្អាក់ការរួមចំណែកដ៏ថ្លៃថ្លារបស់លោក Keisuke Honda ក្នុងការអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាការចន្ទច់បង្អាក់ការអភិវឌ្ឍវិស័យកីឡាបាល់ទាត់នៅក្នុងតំបន់អាស៊ាន ទ្វីបអាស៊ី និងអន្តរជាតិផងដែរ»។

លោក ខៀវ សាម៉េត អនុប្រធាន FFC ក៏បានសំដែងការហួសចិត្តផងដែរ ដែលអង្គការ HRW ព្យាយាមភ្ជាប់ករណីនយោបាយ ទៅនឹងកីឡា។ លោកបានបញ្ជាក់ប្រាប់សារព័ត៌មាន ThmeyThmey នយោបាយ និងកីឡាជារឿងដាច់ដោយឡែកពីគ្នា៕48388584_557114734715885_3611592541272539136_n 48422683_2094720673920380_417311907381248000_n