ស​ម្ដេច តេជោ ហ៊ុន សែន ជំរុញឱ្យស្ថាប័នព័ត៌មាន ផលិតព័ត៌មានពិត លឿន និងច្រើនភាសា នឹងជំរុញឱ្យមានការបណ្ដុះបណ្ដាលអ្នកសារព័ត៌មាន បន្ថែម

ដោយ ៖ សុខ សាន្ត
ថ្ងៃទី12 ខែ01 ឆ្នាំ2019 ម៉ោង 1:09 PM

ភ្នំពេញ៖  ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យក្រសួងព័ត៌មាន ក៏ដូចជាស្ថាប័នព័ត៌មានទាំងអស់ ត្រូវជំរុញការផលិតព័ត៌មានពិត លឿន និងច្រើនភាសា ដើម្បីបម្រើឱ្យសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។ ជាមួយនេះសម្តេច ក៏បាន ជំរុញឱ្យមានការបណ្ដុះបណ្ដាលអ្នកសារព័ត៌មាន ដើម្បីបង្កើនគុណភាពការងារ និងការផលិតឲ្យមានភាពកាន់តែល្អប្រសើរថែមទៀត។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា  សម្តេចជោ សែន មានប្រសាសន៏បែបនេះបាន ធ្វើឡើង ក្នុងពិធីជួបជុំប្រចាំឆ្នាំជាលើកទី៣ ដើម្បីសំណេះសំណាល និងពិសារបាយសាមគ្គីជាមួយអ្នកសារព័ត៌មាន ប្រមាណជិត ៥០០០នាក់ នាល្ងាចថ្ងៃសុក្រ ៦កើត ខែបុស្ស សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលកោះពេជ្រ សម្តេចតេជោនាយករដ្ឋមន្ត្រីលើកឡើងនូវសំណូមពរចំនួន៨ចំណុចដល់អ្នកសារព័ត៌មានទាំងអស់ ដែលត្រូវយកចិត្តទុកដាក់ ដែលក្នុងនោះរួមមាន៖

១-ស្ថាប័នព័ត៌មានទាំងរដ្ឋ និងឯកជនទាំងអស់ ត្រូវដើរតួនាទីជាស្ថាប័នព័ត៌មានពិត គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមជាតិពិតប្រាកដ។ សូមកុំឲ្យកញ្ចក់នោះជាកញ្ចក់ដែលបែកធ្លុះផ្សាយព័ត៌មានមិនពិតពីសង្គម។

២- ស្ថាប័នព័ត៌មានរដ្ឋ និងឯកជនទាំងអស់ត្រូវផ្សព្វផ្សាយព័ត៌មានពិត ដោយមានការពន្យល់ច្បាស់លាស់ទៅប្រជាពលរដ្ឋឱ្យបានយល់ជ្រួតជ្រាបអំពីទិសដៅនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយនាំយកនូវអ្វីដែលជាការពិតពីប្រជាពលរដ្ឋមកកាន់រដ្ឋាភិបាលវិញ។

៣-ស្នើឱ្យសារព័ត៌មានត្រូវចេះចូលរួមជួយរិះគន់ ដើម្បីស្ថាបនារាល់កំហុសឆ្គង និងផែនការសកម្មភាពដែលបានដាក់ចេញ របស់ក្រសួងស្ថាប័ននានា ដើម្បីធ្វើការកែលម្អ ហើយដែលការរិះគន់មិនមែនដើម្បីជាន់ពន្លិចនោះទេ។

៤-សំណូមពរឲ្យអ្នកសារព័ត៌មានចូលរួមសិក្សាវិភាគនូវព័ត៌មាន អំពីសភាពការណ៍ជាលក្ខណៈអន្តរជាតិ ដើម្បីឱ្យប្រជាពលរដ្ឋបានដឹងអំពីររឿងរ៉ាវទាំងឡាយដែលកើតមានឡើងនៅលើពិភពលោក ហើយក៏ចង់ឲ្យអ្នកសារព័ត៌មានក្លាយទៅជាអ្នកវិភាគផងដែរចំពោះព្រឹត្តិការណ៍ក្រៅប្រទេស ពីព្រោះកន្លងមកមានបរទេសគេវិភាគនិងផ្សាយពីកម្ពុជា ដូច្នេះយើងត្រូវចេះសិក្សាបកស្រាយ និងវិភាគពីគេវិញផងដែរ។

៥) សំណូមពរការផ្សព្វផ្សាយព័ត៌មានទាំងអស់ឲ្យបានត្រឹមត្រូវ មានក្រមសីលធម៌វីជ្ជាជីវៈ ពិសេស សម្តេចតេជោបានសំណូមពរដល់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក (Facebook) សូមកុំឲ្យមានការជេរប្រមាថគ្នា ដែលនាំឲ្យមានរឿងប្តឹងផ្តល់ និងឡើងតុលាការជាដើម។

ដូច្នេះសូមរក្សាតម្លៃរបស់ខ្លួន ពិសេសអ្នកសារព័ត៌មានត្រូវធ្វើព័ត៌មានដែលច្បាស់ពិត កុំស្មានៗ ហើយក៏មិនត្រូវដើរតួជាតុលាការកាត់ក្តី ឬនគរបាលយុត្តិធម៌ឡើយ។ ៦-ត្រូវចូលរួមលុបបំបាត់អ្នកសារព័ត៌មានជម្រិតទារប្រាក់ គឺកុំធ្វើជាអ្នកសារព័ត៌មានសម្រាប់តែជម្រិតទាលុយពីគេ ឬមានលក្ខណៈជាក្រុមព័ត៌មាន “ម៉ាហ្វីយ៉ា”។

៧-កុំផលិត និងជួយទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែលមិនបានផ្តល់ប្រយោជន៍ដល់សង្គម។ ម្យ៉ាងវិញទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយគឺអ្នកសារព័ត៌មានត្រូវបញ្ចេញព័ត៌មានពិតប្រាកដ ចេញមកបកស្រាយ ដើម្បីលុបបំបាត់នូវព័ត៌មានក្លែងក្លាយទាំងនោះ។

៨-ត្រូវខិតខំលើកកម្ពស់សមត្ថភាពបុគ្គលិកសារព័ត៌មាននិងធ្វើការបណ្តុះបណ្តាលធនធានមនុស្ស និងអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ ។ ជាពិសេស ត្រូវទំនាក់ទំនងជាមួយបណ្តាសមាគម ស្ថាប័នជំនាញ សកលវិទ្យាល័យ និងក្រសួងព័ត៌មានជាដើមដើម្បីទទួលបាននូវការបណ្តុះបណ្តាលនូវជំនាញសារព័ត៌មានបន្ថែមទៀត។ ម្យ៉ាងទៀត គឺត្រូវទាក់ទងអ្នកដែលមានជំនាញច្បាស់លាស់ ដើម្បីបង្កើនគុណភាពការងារ និងការផលិតឲ្យមានភាពកាន់តែល្អប្រសើរ៕

 

49717994_2033334003381753_3785219428891754496_o 49851987_2033337043381449_2526563556103553024_o 50286994_2033334016715085_3574841412358766592_o DSC_0961Image may contain: one or more people, people sitting, crowd and indoor

 

Loading...