បុណ្យចូលឆ្នាំថ្មីនៅប្រទេសថៃ មនុស្សជិត «៣០០នាក់ស្លាប់ និង២៨០៧នាក់របួស» ដោយសារគ្រោះថ្នាក់ចរាច

ដោយ ៖ សុខ សាន្ត
ថ្ងៃទី18 ខែ04 ឆ្នាំ2019 ម៉ោង 12:47 PM

ទីក្រុងបាងកក៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី១៦ ខែមេសា ឆ្នាំ២០១៩  បាន  ផ្សាយឲ្យដឹងថា នៅក្នុងរយៈពេល ០៥ថ្ងៃ នៃការប្រារព្ធទិវាបុណ្យចូលឆ្នាំថ្មីនៅទូទាំងប្រទេសថៃ គ្រោះថ្នាក់ចរាចរណ៍បានកើតមានឡើងសរុប ២,៧០២ករណី ក្នុងនោះបានបង្កឲ្យមនុស្ស ២៩៧នាក់ស្លាប់ និង ២,៨០៧នាក់រងរបួសធ្ងន់-ស្រាល។

បុណ្យសង្ក្រាននៅប្រទេសថៃ ត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន មកដល់ថ្ងៃចន្ទដើមសប្តាហ៍នេះ ដោយមានរយៈពេល ០៥ថ្ងៃ ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍ បានកើតមានឡើងនៅទូទាំងប្រទេស ប៉ុន្តែសម្រាប់ខេត្តឈាងម៉ៃ នៃភាគឦសានប្រទេសថៃវិញ ត្រូវបានគេរាយការណ៍ថា មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើនជាងគេ បើធៀបនឹងខេត្ត ឬក្រុងផ្សេងទៀត រួមទាំងទីក្រុងបាងកកផងដែរ។

បន្ថែមពីខាងលើនេះទៀត ខេត្តឧដនថានី ជាខេត្តដែលមានមនុស្សស្លាប់ច្រើនជាងគេរហូតដល់ ១៤នាក់ ខណៈខេត្តឈាងម៉ៃមានមនុស្សរងរបួសច្រើនជាងគេ ដោយសារគ្រោះថ្នាក់ចរាចរណ៍ប្រមាណ ១០៤នាក់។ សម្រាប់កត្តាដែលបានបង្កគ្រោះថ្នាក់ ច្រើនជាងគេនោះ គឺការបើកបរក្នុងលក្ខណៈស្រវឹង មានរហូតដល់ទៅ ៤០.៦៨ភាគរយ ខណៈការបើកបរលើសល្បឿនកំណត់ នាំឲ្យកើតមានគ្រោះថ្នាក់វិញ គឺមានចំនួន ២៧.៥៤ភាគរយ។

គួរបញ្ជាក់ថា បើធៀបនឹងឆ្នាំ២០១៨ តួលេខនៃមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងពិធីបុណ្យសង្ក្រានស្រុកថៃ គឺមានការថយចុះខ្លាំង ព្រោះកាលពីឆ្នាំ២០១៨ មនុស្សសរុប ៣៧៨នាក់បានស្លាប់ក្នុងកំឡុងពេល ៥ថ្ងៃ ខណៈមនុស្សជាង ៣,៥៧០នាក់ទៀតរងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍រហូតដល់ ៣,៤១៨ករណី ដែលភាគច្រើនបំផុតបង្កឡើងដោយអ្នកជិះ ម៉ូតូតែម្តង។ ដោយឡែកនៅឆ្នាំ២០១៩ វិធានការក្តៅត្រូវបានបញ្ចេញ ដូចជាការបង្កើនប៉ុស្តិ៍ត្រួត ពិនិត្យសុវត្ថិភាពរហូតដល់ជាង ២,០០០កន្លែង ជាមួយនឹងប៉ូលិសជាង ៦៥,៣០០នាក់៕

57168414_1061944370657319_5045302343218757632_o 57390045_1061944357323987_5982854185941467136_o 57555422_1061944447323978_8305912991740592128_o