លោក លី សៀន​ឡុង លោក នាយករដ្ឋមន្ត្រី​សិង្ហ​បុរី បាន​ពានរង្វាន់ «​រដ្ឋបុរស​ពិភពលោក​ប្រចាំឆ្នាំ​២០១៩»​ពី​មូលនិធិ​អាមេរិក​

ដោយ ៖ សុខ សាន្ត
ថ្ងៃទី07 ខែ06 ឆ្នាំ2019 ម៉ោង 5:17 PM

បរទេស៖ បើមិនមានការប្រែប្រួលនៅថ្ងៃទី២៣ កញ្ញា ខាងមុខ មូលនិធិ Appeal of Conscience Foundation ដែលមានមូលដ្ឋាននៅអាមេរិក នឹងផ្តល់ពាន រដ្ឋបុរសពិភពលោកប្រចាំឆ្នាំ២០១៩ ( World Statesman Award) ដល់លោកនាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានសិង្ហបុរី Strait Times ។

ការណ៍ដែលអង្គការមួយនេះផ្តល់ពានដល់នាយករដ្ឋមន្ត្រីសិង្ហបុរី ដោយសារ លោកនាយករដ្ឋមន្ត្រីរូបនេះ បានចូលរួមចំណែកកសាងសង្គមដែលចម្រុះដោយជាតិសាសន៍ផ្សេងគ្នាប្រកបដោយសុខដុម។

តាមសេចក្តីប្រកាសព័ត៌មានថ្មីៗនេះ លោក Rabbi Arthur Schneier ស្ថាបនិក និងជាប្រធានមូលនិធិ បានគូសបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី លី នឹងត្រូវបានផ្តល់ពានដោយសារការជំរុញសង្គម ដែលពោរពេញដោយ ភាពចម្រុះគ្នានៃជាតិសាសន៍ តែនៅតែរក្សាបាននូវភាពល្អឥតខ្ចោះនៅក្នុងការរស់នៅប្រកបសុខដុម។

លោក Rabbi Schneier តាមរយៈសេចក្តីប្រកាសដដែលនោះ បានបន្តទៀតថា លោកនាយករដ្ឋមន្ត្រី ក៏នឹងត្រូវបានវាយតម្លៃខ្ពស់ក្នុងការបង្កើតឲ្យមានប្រព័ន្ធអប់រំមួយ ដែលផ្តល់ឲ្យប្រជាជនជាមួយនឹងជំនាញ និងចំណេះដឹងមូលដ្ឋាន ជាពិសេសនោះក្នុងការធ្វើឲ្យរដ្ឋមួយនេះអាចចូលប្រកួតប្រជែងបានក្នុងបរិយាកាសប្រកួតប្រជែងសកល។

គួរជម្រាបផងថា មូលនិធិ The Appeal of Conscience Foundation ត្រូវបានបង្កើតឡើងដោយ លោក Rabbi Schneier តាំងពីឆ្នាំ១៩៦៥ ដែលមានបេសកកម្មការងារពាក់ព័ន្ធនឹងសេរីភាពសាសនា, សិទ្ធិមនុស្ស និងសន្តិភាពជាដើម។ កន្លងមក មូលធិនិមួយនេះ ក៏ធ្លាប់ផ្តល់ពានដូចគ្នានេះទៅកាន់មេដឹកនាំដូចជា អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron, អតីតប្រធានាធិបតីម៉ិកស៊ិកលោក Enrique Pena Nieto និងអតីតប្រធានាធិបតីឥណ្ឌូណេស៊ី លោក Susilo Bambang Yudhoyono ផងដែរ៕

1-7