នាយក AFD ប្រចាំកម្ពុជា វាយតម្លៃចំពោះកិច្ចសហប្រតិបត្តិការល្អប្រសើររវាងក្រសួងធនធានទឹក និងឧតុនិយម និង AFD ប្តេជ្ញារួមគ្នាដើម្បីបន្តពង្រឹងឲ្យកាន់តែ ខ្លាំងថែមទៀត

ដោយ ៖ សុខ សាន្ត
ថ្ងៃទី10 ខែ06 ឆ្នាំ2019 ម៉ោង 4:59 PM

ភ្នំពេញ៖ លោក Philippe Steinmetz នាយក AFD ប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការល្អប្រសើររវាងក្រសួងធនធានទឹក និងឧតុនិយម និង AFD នាពេលកន្លងមក និងបានប្តេជ្ញារួមគ្នាដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នាឲ្យរឹតតែល្អខ្លាំងថែមទៀត ដើម្បីអភិវឌ្ឍវិស័យធនធានទឹកឲ្យបានកាន់តែល្អប្រសើរថែមទៀត ដើម្បីដើរតួនាទីកាន់តែសំខាន់ក្នុងការរួមចំណែកជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព ។

photo_2019-06-10_16-42-09

លោក Philippe Steinmetz ថ្លែងបែបនេះបានធ្វើឡើង កាលពី រសៀលថ្ងៃច័ន្ទ ៨កើត ខែជេស្ន ឆ្នាំកុរ  ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង នៅក្នុងជំនួបជាមួយ  លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ដើម្បី ពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំកម្ពុជា។

photo_2019-06-10_16-42-18

ក្រសួង បានឲ្យដឹងថា នៅ កិច្ចជំនួប គឺផ្តោតលើគម្រោងគ្រប់គ្រងធនធានទឹកនៅកម្ពុជា ក្រោមជំនួយគាំទ្រពី AFD។ ក្នុងជំនួបលោកមន្រ្តី បានសំដែងនូវការស្វាគមន៍ចំពោះគណៈប្រតិភូ និងបានជម្រាបអំពីបេសកកម្ម សមិទ្ធផល បញ្ហាប្រឈម និងទិសដៅជាយុទ្ធសាស្រ្តក្នុងក្របខ័ណ្ឌវិស័យធនធានទឹក និងការរួមចំណែកជួយគាំទ្រលើវិស័យធនធានទឹកពី AFD ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលកំពុងមានការវិឌ្ឍន៍រីកចម្រើនទៅមុខឥតឈប់ឈរគួរជាទីមោទនៈ។photo_2019-06-10_16-42-16

លោក Philippe Steinmetz ប្រធានគណៈប្រតិភូ បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឲ្យរូបលោក និងសហការី បានចូលជួបពិភាក្សាការងារ និងបានជម្រាបអំពីការចូលរួមចំណែកគាំទ្ររបស់រដ្ឋាភិបាលបារាំងក្នុងដំណើរការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសលើវិស័យធនធានទឹក ដែលបច្ចុប្បន្នតាមរយៈ AFD មានគម្រោងកំពុងអនុវត្តរួមមាន៖ ១. គម្រោងវិស័យទឹក និងកសិកម្ម (Water and Agriculture Sector Project) និង២. គម្រោងកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្ម (Water Resources Management and Agro-ecological Transition for Cambodia) ។

photo_2019-06-10_16-41-51

តាងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងធនធានទឹក និងឧតុនិយម លោករដ្ឋមន្រ្តី បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលបារាំង ដែលបានរួមចំណែកជួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និយាយជារួម និងដោយឡែកសម្រាប់វិស័យធនធានទឹក ឲ្យមានការរីកចម្រើន រហូតមកដល់ពេលនេះ។ បន្ទាប់ពីបានធ្វើការផ្លាស់ប្តូរមតិយោបល់គ្នារួចមក លោក រដ្ឋមន្រ្តី និងប្រធានគណៈប្រតិភូ បានវាយតម្លៃចំពោះកិច្ចសហប្រតិបត្តិការល្អប្រសើររវាងក្រសួងធនធានទឹក និងឧតុនិយម និង AFD នាពេលកន្លងមក និងបានប្តេជ្ញារួមគ្នាដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នាឲ្យរឹតតែល្អខ្លាំងថែមទៀត ដើម្បីអភិវឌ្ឍវិស័យធនធានទឹកឲ្យបានកាន់តែល្អប្រសើរថែមទៀត ដើម្បីដើរតួនាទីកាន់តែសំខាន់ក្នុងការរួមចំណែកជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព ។

photo_2019-06-10_16-42-16

សូមជម្រាបថា ក្នុងជំនួបនោះ ក៏មានវត្តមានចូលរួមផងដែរ ពីលោកស្រី Ophelia Bourhis ដែលនឹងកាន់ការងារជានាយក AFD ប្រចាំកម្ពុជា បន្តពីលោក  Philippe Steinmetz នាយក AFD បច្ចុប្បន្ន ដែលនឹងបញ្ចប់អណត្តិការងារ ក្នុងខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ ៕