សម្តេចក្រឡាហោម បញ្ជាឲ្យ ដាក់កំហិតឲ្យសមត្ថកិច្ច ត្រូវតែបោសសម្អាតគ្រឿងញៀន នៅតាមក្លិបកម្សាន្ត និងKTV ឲ្យអស់ នៅត្រឹមឆ្នាំ២០១៩នេះ

ដោយ ៖ រិទ្ធី
ថ្ងៃទី12 ខែ06 ឆ្នាំ2019 ម៉ោង 12:05 PM

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសដាក់កំហិត ឲ្យអាជ្ញាធរនិងសមត្ថកិច្ច ត្រូវស្រាវជ្រាវបោសសំអាត សម្អាតគ្រឿងញៀន នៅតាមក្លិបកម្សាន្ត និងKTV ឲ្យអស់ នៅត្រឹមឆ្នាំ២០១៩នេះ ពិសេសមិនអនុញាតិឲ្យ កងកម្លាំងប្រដាប់អាវុធទាំងអស់ ទៅយាមការពារនៅកន្លែងក្លិបកម្សាន្ត ទាំងនោះឡើយ។
ការប្រកាស ដាក់កំហិត នេះបានធ្វើឡើង នៅក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅថ្ងៃទី១២ មិថុនា នៅសាលារាជធានីភ្នំពេញ ។ថ្លែងចំពោះថ្នាក់ដឹកនាំក្រុមប្រឹក្សារាជធានី សម្ដេច ស ខេង ក៏ស្នើឲ្យថ្នាក់ដឹកនាំតាមអង្គភាពចំណុះនៃក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិទាំងអស់ មិនត្រូវបញ្ជូនកម្លាំងទៅយាមទីតាំងក្លិបកម្សាន្ត និងខារ៉ាអូខេ តាមការស្នើសុំរបស់ម្ចាស់អាជីវកម្មទាំងនោះឡើយ ។ សម្ដេច ស ខេង នឹងចេញលិខិតជាផ្លូវការ ដើម្បីដាក់បម្រាមនៅតាមអង្គភាពនានា ជុំវិញបញ្ហានេះ។
សម្ដេច ស ខេង បានបញ្ជាក់ថា មូលហេតុដែលសម្ដេច មិនចង់ឲ្យសមត្ថកិច្ច និងកងកម្លាំង ទៅយាមការពារទីតាំងកម្សាន្តនាពេលរាត្រីនោះ ដោយសារតែកន្លែងមួយចំនួន អាចមានករណីលួចលាក់ជួញដូរ និងប្រើប្រាស់គ្រឿងញៀន។ បើសិនជាកងកម្លាំង ទៅយាមកន្លែងកម្សាន្តដែលមានករណីគ្រឿងញៀននោះ វាហាក់ដូចជាសមត្ថកិច្ចកំពុងជួយការពារទីតាំងខុសច្បាប់ដែរ។ ដូច្នេះវានឹងបង្កឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អង្គភាពអនុវត្តច្បាប់។ សម្ដេច ស ខេង នឹងចេញលិខិតជាផ្លូវការ ដើម្បីដាក់បម្រាមនៅតាមអង្គភាពនានា ជុំវិញបញ្ហានេះ។
បន្ថែមពីនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានប្រកាសជាកំហិតថា សមត្ថកិច្ច ត្រូវតែបោសសម្អាតគ្រឿងញៀន នៅតាមក្លិបកម្សាន្ត និងKTV ឲ្យអស់ នៅត្រឹមឆ្នាំ២០១៩នេះ ៕

3d66b985-fb76-4b2e-9277-9236669c6bd5 38a57c3b-37f2-482f-bbab-0b0bdd76ecf7 e9b640f8-12c3-4fd7-9850-b0ab3132d3e0