ព្រះមហាក្សត្រ មានព្រះរាជឱង្ការឲ្យជនរួមជាតិខ្មែរជួយទប់ស្កាត់, បញ្ឈប់ការកាប់ឈើ និងឈូសឆាយដីព្រៃខុសច្បាប់

ដោយ ៖ រិទ្ធី
ថ្ងៃទី09 ខែ07 ឆ្នាំ2019 ម៉ោង 3:14 PM

ក្រចេះ៖ ក្នុងឱកាសយាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធី «រុក្ខទិវា» ស្ថិតនៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានមានព្រះរាជឱង្ការ ឲ្យជនរួមជាតិជួយទប់ស្កាត់ និងបញ្ឈប់ការកាប់ឈើ ការកាប់រាន ដុត ឈូសឆាយដីព្រៃ ការបរបាញ់ ការដាក់អន្ទាក់ចាប់សត្វព្រៃដោយខុសច្បាប់។

ព្រះករុណា ទ្រង់បានមានព្រះរាជឱង្ការ ឲ្យជនរួមជាតិ ត្រូវចូលរួមយកចិត្តទុកដាក់ធ្វើកសិកម្មចម្រុះ នៅតាមសហគមន៍នីមួយៗ ទៅតាមសក្ដានុពលដីប្រកបដោយភាពវៃឆ្លាត ដោយមិនពឹងអាស្រ័យទៅលើតែផល-អនុផលព្រៃឈើនោះឡើយ និងមានការចូលរួមជួយណែនាំបន្ថែមពីមន្ដ្រីជំនាញបច្ចេកទេស។ ព្រះមហាក្សត្រទ្រង់ក៏មាន ព្រះរាជបន្ទូល ឲ្យប្រជារាស្ដ្រត្រូវចូលរួមថែរក្សាការពារព្រៃឈើ ពិសេសការពារភ្លើងឆេះព្រៃ នៅតាមតំបន់ដែលបងប្អូនរស់នៅ ដើម្បីការពារឲ្យបាននូវធនធានព្រៃឈើ សម្រាប់កូនចៅជំនាន់នេះ និងជំនាន់ក្រោយៗទៀត។

ព្រះមហាក្សត្រ ទ្រង់មានព្រះរាជបន្ទូលយ៉ាងដូច្នេះថា «សូមបងប្អូនជនរួមជាតិជួយទប់ស្កាត់ និងបញ្ឈប់ការកាប់ឈើ ការកាប់រាន ដុត ឈូសឆាយដីព្រៃ ការបរបាញ់-ការដាក់អន្ទាក់ចាប់សត្វព្រៃដោយ ខុសច្បាប់ ហើយចូលរួមថែរក្សាការពារព្រៃឈើ ពិសេសការពារភ្លើងឆេះព្រៃ នៅតាមតំបន់ដែលបងប្អូនរស់នៅ ដើម្បីរក្សាការពារបាននូវធនធាន ព្រៃប្រើសម្រាប់កូនចៅរបស់យើងជំនាន់នេះ នឹងជំនាន់ក្រោយៗទៀត។ ពិសេសត្រូវចូលរួមយកចិត្តទុកដាក់ ធ្វើកសិកម្មចម្រុះនៅតាមសហគមន៍នីមួយៗ តាមសក្កានុពលដ៏ប្រកបដោយភាពឆ្លាត ដោយមិនពឹងអាស្រ័យទៅលើតែ ផល-អនុផលព្រៃឈើនោះឡើយ និងមានការចូលរួមជួយណែនាំបន្ថែមពីមន្ត្រីជំនាញបច្ចេកទេស»។

ជាថ្មីម្តងទៀត ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានមានព្រះរាជបន្ទួល អរគុណដ៏ជ្រាលជ្រៅបំផុតចំពោះប្រទេសជាមិត្ត អង្គការជាតិ-អន្តរជាតិនានា ដែលបាននិងកំពុងយកចិត្តទុកដាក់ ចូលរួមជួយដល់ការងារដើម ការថែរក្សា និងការពារធនធានព្រៃឈើ សត្វព្រៃ ក៏ដូចជាចូលរួមក្នុងការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ក្នុងពេលអតីតកាល និងបច្ចុប្បន្ននេះ ហើយសូមមេត្តាជួយបន្តទៅមុខទៀត ដើម្បីសម្រេចគោលដៅ អភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

ព្រះមហាក្សត្រ ទ្រង់មានព្រះរាជបន្ទូលយ៉ាងដូច្នេះថា៖ «នាឱកាស នៃការប្រារព្ធពិធីរុក្ខទិវា ខ្ញុំព្រះករុណា ខ្ញុំសូមអំពាវនាវចំពោះព្រះសង្ឃ អាជ្ញាធរដែនដី និងបងប្អូនជនរួមជាតិនៅទូទាំងប្រទេស សូមព្រះមេត្តា និងមេត្តាដាំដើមឈើគ្រប់ប្រភេទ ក្នុងនោះ ក៏មានដើមត្នោតផងដែរ នៅតាមទីវត្តអារាម ទីសាធារណៈ និងរមណីយដ្ឋាន តាមដងផ្លូវលំ ផ្លូវជាតិតាមដងប្រឡាយ ភូមិដ្ឋាននានា និងតាមភ្លឺស្រែចម្ការ ដើម្បីបានម្លប់ជាជម្រកមនុស្ស សត្វ បានជាឈើសំណង់ អុស ធ្យូង បង្កើនជីជាតិដីកសិកម្ម ដើម្បីកាត់បន្ថយការប្រើប្រាស់ធម្មជាតិ ជួយទប់កម្លាំងខ្យល់កន្ទ្រាក់ និងបម្រែបម្រួលធាតុអាកាសផងដែរ»។

8be99005-eec7-4f7c-88fd-44ea88b93f6b 8c1347fd-ebac-4c92-875a-2c76327f0a75 84a6fe51-0262-48f3-af25-7f788819bd08 87e11763-5c52-47ca-b3f6-02545e6c723b 338621ad-82dc-4ce4-85e4-06c346babb82 b51e91c6-c7cf-475f-85c6-6f91cbf15a48 d720c034-c732-43dd-9826-6cf4d6cd8057 e593c9b1-4e4c-4114-bcde-6b086a3fdc55