អភិបាលខេត្តព្រះវិហារ  ព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះ បុគ្គល ឬក្រុមជនខិលខូចណា យកឈ្មោះលោក ទៅប្រើនៅក្នុងការប្រព្រឹត្តបទល្មើសធនធានធម្មជាតិ!

ដោយ ៖ សុខ សាន្ត
ថ្ងៃទី05 ខែ08 ឆ្នាំ2019 ម៉ោង 4:34 PM

ព្រះវិហារ៖  អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារលោក  ប្រាក់ សុវណ្ណ  ប្រកាសជាសាធារណៈថា នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ទៅលើបុគ្គល ឬក្រុមជនខិលខូចណា ដែលបានយកឈ្មោះ របស់ឯកឧត្តម ទៅប្រើប្រាស ដើម្បីធ្វើជាខែលសម្រាបដឹកជញ្ជូនអនុផលព្រៃឈើ រឺ កាប់បំផ្លាញព្រៃ យកដីមកកាន់កាប់ដោយខុសច្បាប់។

ការប្រកាសរបស់លោក  របស់លោក ប្រាក់ សុវណ្ណ បានធ្វើឡើង នៅក្នុងដំណើរចុះសួរសុខទុក្ខ ចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន៦៥០គ្រួសារ រងគ្រោះដោយសារគ្រោះធម្មជាតិ របស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ នៅទីបញ្ជាការវរសេនាតូចលេខ១ ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ។ ស្ថិតនៅក្នុងភូមិត្រពាំងសង្កែខាងត្បូង ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

អភិបាលខេត្ត លោក   ប្រាក់ សុវណ្ណ ក៏បានធ្វើការអំពាវនាវទៅដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចពាក់ព័ន្ធត្រូវចូលរួមទាំងអស់គ្នា ទប់ស្កាត់បទល្មើសព្រៃឈើ បញ្ហាគ្រឿងញៀន ការលួចឆ្លងដែនខុសច្បាប់ ចូលទៅក្នុងទឹកដីថៃ ក្នុងគោលបំណងទៅរកកាប់ឈើប្រណិត ហាមដាច់ខាតមិនឲ្យកើតមាន នៅតាម ស្រុក ក្រុង និងតាមបណ្តាគោលដៅសំខាន់ៗ ទូទាំងខេត្ត ដោយអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព អនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងចំពោះបុគ្គល ដែលពាក់ព័ន្ធ នឹងការប្រព្រឹត្តល្មើសធនធានធម្មជាតិ របស់រាជរដ្ឋាភិបាល ឲ្យមានប្រសិទ្ធខ្ពស់។ បន្ថែមពីនោះ លោក  អភិបាលខេត្ត បានធ្វើការស្នើសុំទៅដល់អនាព្យាបាលទាំងអស់ ខិតខំប្រឹងប្រែងអប់រំកូនចៅឱ្យក្លាយទៅជាពលរដ្ឋល្អ ដើម្បីរួមចំណែកអភិវឌ្ឍសង្គម ជៀសវាងឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើហឹង្សានៅក្នុងគ្រួសារ។

លោក ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ បានបង្ហាញថា ខេត្តព្រះវិហារមានប្រជាពលរដ្ឋសរុប ២២២.៣៥៩នាក់ ស្រីចំនួន ១០៨.៤៤១នាក់ ស្មើនឹង៥៣.០១១១គ្រួសារ ចែកចេញជា ២២៩ភូមិ មាន៤៩ឃុំ ០២សង្កាត់ ០៧ស្រុក ០១ក្រុង។ អតីតយុទ្ធជនមានសរុបចំនួន ២,០៦៣នាក់ នៅក្នុងនោះ មុខសញ្ញាជនពិការ មានចំនួន៧៣៩នាក់ មុខសញ្ញា និវត្តជន មានចំនួន៥៩៤នាក់ មុខសញ្ញាបាត់បង់ មានចំនួន៦៣នាក់ មុខសញ្ញាពលី មានចំនួន ៥៤១នាក់ និងមុខសញ្ញា មរណៈ មានចំនួន ១២៦នាក់៕