ចាប់ខ្លួនទាហានស្រី ម្នាក់នៅទ័ពជើងអាកាសពាក់ព័ន្ធ រើសទ័ពយកលុយគេសរុបជាង១២ម៉ឺនដុល្លារក្នុងចំណោមមនុស្សប្រមាណ២០នាក់

ដោយ ៖ រិទ្ធី
ថ្ងៃទី12 ខែ08 ឆ្នាំ2019 ម៉ោង 10:11 AM

ភ្នំពេញៈ ទាហានស្រីនៃអង្គភាពបញ្ជាការដ្ឋានកងទ័ពជើងអាកាសម្នាក់ ត្រូវបាន ចាប់ខ្លួនកាលពីពេលថ្មីៗនេះពាក់ព័ន្ធ ករណីរើសទាហានក្របខ័ណ្ឌក្រសួងការពារជាតិ ជិត២០នាក់ ក្នុងទំហំទឹកប្រាក់ជាង ១២ម៉ឺនដុល្លារ កាលពីឆ្នាំ២០១៨កន្លងទៅរហូតមកដល់ពេលនេះស្ងាត់ឈឹងគ្មានដំណឹង ថាបានចូលទាហានស្អីទេ ទើបក្រុមអ្នកចាញ់បោកអស់ជំនឿសម្រេចដាក់ពាក្យបណ្ដឹងឈានដល់ការចាប់ខ្លួន។

ជនសង្ស័យដែលចាប់ខ្លួនឈ្មោះ ម៉ី ផានិត ភេទស្រី អាយុ ៤៤ឆ្នាំ មានតួនាទីជាជំនួយការសម្ភារ នៃបញ្ជាការដ្ឋានកងទ័ពជើងអាកាស មានទីលំនៅផ្ទះលេខ១០៣ ផ្លូវលេខ០៣ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

662345be-4714-4f4c-a44d-a1de8cbf24f1

ការចាប់ខ្លួនទាហានស្រី ខាងលើនេះ ដោយកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការនគរបាលរាជធានីភ្នំពេញ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ខៀវ ផល្លា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ យោងតាមដីកាបញ្ជាឲ្យចូលខ្លួនចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ។

បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមចំណាត់ការរបស់លោក យិច ឈាណាវី ជាចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសម្រេចថាឃុំខ្លួន ឬមិនឃុំខ្លួនជាបណ្តោះអាសន្ន។

ប្រភពព័ត៌មាន បានឲ្យដឹងថា ស្ត្រីត្រូវចោទឈ្មោះ ម៉ី ផានិត បានប្រើប្រាស់តួនាទីរបស់ខ្លួននៅក្នុងអង្គភាព បញ្ជាការដ្ឋានកងទ័ពជើងអាកាស ដើរបោកប្រាស់លុយពីជនរងគ្រោះ ដែលចង់ចូលធ្វើមន្ត្រីយោធា ក្នុងក្របខ័ណ្ឌក្រសួងការពារជាតិ ជិត២០នាក់ ក្នុងទំហំទឹកប្រាក់ប្រមាណជា ១២ម៉ឺនដុល្លារ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ៕

e6ef03b5-fb32-4769-8066-07e81b09ede6