កម្ពុជាបើកកិច្ចប្រជុំជាមួយប្រតិភូ គ្រូបង្វឹកទាំង៣០ប្រភេទកីឡា ដែលត្រៀមស៊ីហ្គេម នៅហ្វីលីពីន

ដោយ ៖ សុខ សាន្ត
ថ្ងៃទី01 ខែ11 ឆ្នាំ2019 ម៉ោង 2:18 PM

ភ្នំពេញ៖ ក្រុមប្រតិភូ គ្រូបង្វឹកនៃសហព័ន្ធកីឡា ជាតិទាំង៣០ប្រភេទកីឡារបស់កម្ពុជាបាន ចូលរួមកិច្ចប្រជុំទទួលយកពត៌មាន និងការណែនាំនានាពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា ទទួលបន្ទុកនាយបេសកកម្មកម្ពុជា សម្រាប់ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ដែលគ្រោងនឹងដំណើរការជាផ្លូវការពិធីបើកនាថ្ងៃទី៣០វិច្ឆិកា ដល់ពិធីបិទថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។

ឯកឧត្តម វ៉ាត់ ចំរើន ថ្លែងថា ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ថោង ខុន ប្រធានគណៈកម្មា ធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានប្រតិភូកម្ពុជាសម្រាប់ស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ដើម្បី ជម្រាបជូនពីពត៌មានទូទៅគ្រប់ទម្រង់ទាំងអស់ ដើម្បីបង្កើនការយកចិត្តទុកដាក់ និងត្រៀមលក្ខណៈសម្បត្តិឲ្យ បានគ្រប់ជ្រុងជ្រោយ ក៏ដូចជានៅក្នុងបេសកកម្មស៊ីហ្គេម លើកនេះឲ្យទទួលបានជោគជ័យយកមកជូនជាតិ។
នាយបេសកកម្មរូបនេះបន្ថែមទៀត កិច្ចប្រជុំនេះយើងបានផ្តោតសំខាន់ផងដែរលើការបញ្ជាក់ពីកម្មវិធី ធំៗ នៅក្នុងស្រុក ក៏ដូចជារបៀបរបបបែបនេះ នៅប្រទេសហ្វីលីពីន មុនការប្រកួត និងក្នុងអំឡុងពេលប្រកួត និងក្រោយពេលប្រកួតជាដើម ដោយមានប្រភេទកីឡាមួយចំនួនត្រូវប្រកួតនៅទីក្រុងម៉ានិល និងនៅទីក្រុង រណបថ្មីទី២ របស់ប្រទេសហ្វីលីពីន។ ជាមួយគ្នានោះឯកឧត្តម និងតំណាងសហព័ន្ធកីឡាជាតិនានាបានត្រួស ត្រាយលើបញ្ហាប្រឈមមួយចំនួន ក៏ដូចជាបានផ្លាស់ប្តូរយោបល់ពីគ្នាទៅវិញទៅមកនូវអ្វីដែលជាឧបស័គ្គ ដើម្បី ស្វែងយល់ សម្របសម្រួលឲ្យទាន់ពេលវេលា ក្នុងគោលដៅកុំឲ្យមានបញ្ហារាំងស្ទះដល់ដំណើរការនៃការ ប្រកួត។

ឯកឧត្តម វ៉ាត់ ចំរើន ជម្រាបជូនថា នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ក្រុមប្រតិភូ កីឡាករ កីឡាការិនី ជម្រើសជាតិទាំងអស់នឹងទទួលបានការអនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងទទួលស្តាប់ប្រសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព។ ឯកឧត្តមបណ្ឌិត ថោង ខុន បានប្រកាសកាលពីដើមឆ្នាំនេះថា ស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩ នៅហ្វីលីពីន គឺជាយុទ្ធសាស្រ្តទី១ ឈានឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។

ចំពោះថ្ងៃទី២៩-៣០ ខែវិច្ឆិកា គ្រប់ប្រតិភូ គ្រូបង្វឹក អត្តពលិកទាំងអស់នឹងត្រូវជួបជុំគ្នាធំមួយជាមួយថ្នាក់ ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅទីក្រុងម៉ានិល មុន ការពិធីបើកការប្រកួតជាផ្លូវការ៕