ហួសចិត្តអូនភ្ជាប់ពាក្យជាមួយបង ហើយលួចទៅរៀបការជាមួយប្រុសផ្សេងបើអស់ចិត្តម្ដេចក៏មិននិយាយគ្នាត្រង់ៗទៅ ស្មានថាលាក់ជិតឬ?

ដោយ ៖ សុខ សាន្ត
ថ្ងៃទី14 ខែ02 ឆ្នាំ2020 ម៉ោង 2:29 PM

ខេត្តកំពង់ស្ពឺ៖ មានរឿងហួសចិត្តមួយករណីទៀតហើយម្ដងនេះខាងស្រីអាងសម្រស់ភ្ជាប់ពាក្យជាមួយបុរសស័ក្ដិ៥យោធាមិនបានប៉ុន្មានផងស្រាប់តែនាងមករៀនអ៊ុតសក់នៅភ្នំពេញលួចមានទំនាក់ទំនងស្នេហាជាមួយប្រុសផ្សេង មកលួចធ្វើសំបុត្រអាពាហ៍ពិពាហ៍និងគ្រោងដើរចូលរោងការនៅថ្ងៃទី១៤កុម្ភៈឆ្នាំ២០២០នេះទៅវិញ ប៉ុន្ដែរឿងរ៉ាងទាំងនេះមិនអាចលាក់ជិតដូចនាងគិតទុកនោះឡើយអ្វីៗវាបានបែកធ្លាយឡើងតាមរយៈអាជ្ញាធរភូមិ ឃុំ ដែលបានចេញលិខិតអាពាហ៍ពិពាហ៍នេះ ហើយខាងប្រុសជាគូរដណ្ដឹងបានដាក់ពាក្យប្ដឹងឲ្យមេធាវីកាន់រឿងក្ដីមួយនេះហើយចាំមើលថាតើវានឹងទៅជាយ៉ាងណាទៀត ។

លោក ហង្ស ពេជ្រ ជាមន្ត្រីយោធាមានឋានន្តរសក្តិវរសេនីយ៍ឯកពាក់ស័ក្ត្តិ៥ បានប្រាប់ឲ្យដឹងថាគូដណ្តឹងរបស់ខ្លួនរស់នៅក្នុងភូមិព្រៃតាទ្រូ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដោយបុរសនេះអះអាងថាគាត់បានភ្ជាប់ពាក្យត្រឹមត្រូវតាមច្បាប់ មានចាស់ទុំជាសាក្សីដឹងឮរួចទៅហើយបែរជាគូដណ្តឹងរបស់គាត់ ទៅលួចរៀបការជាមួយប្រុសថ្មីវិញនិងបានគ្រោងចូលរោងការ នៅថ្ងៃ១៤កុម្ភៈ ឆ្នាំ២០២០ នេះទៀតផង ។

នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះលោក ហង្ស ពេជ្រ ដែលនៅក្នុងដៃមានទាំងកាន់រូបថតភ្ជាប់ពាក្យជាមួយគូដណ្តឹងទុកជាភស្តុតាងផងនោះបានអះអាងឲ្យដឹងថា កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ លោក និងគូដណ្តឹងបានរៀបចំផ្សំផ្គុំគ្នាជាគូដណ្តឹងតាមប្រពៃណីដោយមានចាស់ទុំចូលស្តីដណ្តឹង (ភ្ជាប់ពាក្យ) នៅផ្ទះខាងស្រី យ៉ាងត្រឹមត្រូវនិងបានចំណាយលុយកាក់ជាច្រើន សម្រាប់ជូនភ្ញៀវក្នុងភូមិនេះហូបចុក ប្រៀបដូចជួយមកធ្វើសាក្សីក្នុងពិធីនេះផង ។ បន្ទាប់ពីបានភ្ជាប់ពាក្យជាគូដណ្តឹងរួចមក នាងបានទៅរស់នៅរៀនសូត្រផ្នែកអ៊ុតសក់នៅរាជធានីភ្នំពេញ ក្រោមការជួយទំនុកបម្រុងងពីរូបលោក ដោយក្នុងមួយខែៗលោកជួយលុយមិនក្រោម ២០០ដុល្លានោះទេ ព្រោះយល់ថានាង ជាគូដណ្តឹងដូចប្តីប្រពន្ធទៅហើយ។
លោក ហង្ស ពេជ្របានបន្តថា ថ្ងៃមួយនាងជាគូដណ្តឹងបានសុំលោក ទៅលេងស្រុកកំណើត គាត់ក៏យល់ព្រមឲ្យទៅ តែនឹកស្មានមិនដល់ស្រាប់តែនាងទៅលួចបង្កាត់ភ្លើងស្នេហ៍និងលួចធ្វើសំបុត្រអាពាហ៍ពិពាហ៍ គ្រោងរៀបការជាមួយគូរថ្មីនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះ នៅភូមិ-ឃុំ របស់ផ្ទះខាងនាងទៅវិញ ដោយខាងស្រីអះអាងថាការភ្ជាប់ពាក្យនាពេលកន្លងមករបស់អ្នកទាំងបានត្រឹមចាត់ទុកគ្នាជាសង្សារតែប៉ុណ្ណោះ។

ពាក់ព័ន្ធករណីនេះលោក ឃាន ទូច ជាមេធាវីរបស់លោក ហង្ស ពេជ្រ បានលើកឡើងតាម ផ្លូវច្បាប់ថា ជាធម្មតាការសុំច្បាប់រៀបការ អាជ្ញាធរទុករយៈពេល ១៥ថ្ងៃ ដើម្បីឲ្យភាគីពាក់ព័ន្ធដឹង ហើយរឿងនេះលោកមេធាវី ក៏បានដាក់ពាក្យមុនទៅអាជ្ញាធរដែនដីដើម្បីឃាត់និងទប់ស្កាត់ពិធីអាពាហ៍ពិពាហ៍នេះរួចហើយដែរ ។

លោកមេធាវីបានបញ្ជាក់ថា សិទ្ធិរបស់កូនក្តីលោក នៅមានតួនាទីជាគូដណ្តឹងស្មើគ្នាទៅនឹងប្តីប្រពន្ធ ដែលដឹងឮដោយចាស់ទុំពេញភូមិ មិនមែនភ្ជាប់ពាក្យនឹងគ្នាហើយ ស្មើនឹងសង្សារដូចខាងស្រី លើកឡើងនោះទេ។
លោកមេធាវីបានស្នើសុំឲ្យអាជ្ញាធរទាំងភូមិ ដល់ខេត្តត្រូវតែហាមឃាត់ពិធីរៀបការ របស់ភាគីខាងស្រីឲ្យបានដាច់ខាត ទៅតាមបណ្តឹងតាមផ្លូវច្បាប់របស់ភាគីខាងប្រុស។
ក្នុងរឿងហួសចិត្តមួយនេះ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ភ្នាក់ងារព័ត៌មានបានព្យាយាមទំនាក់ទំនងទៅភាគីខាងស្រី ដែលជាគូដណ្តឹង និងអាជ្ញាធរដែនដីដែលចេញច្បាប់ឲ្យភាគីខាងស្រីដើម្បីសុំការពន្យល់ដែរតែមិនមានលេខទូរស័ព្ទអាចទាក់ទងបានទេ ៕

 

© 2019 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ PEOPLENEWS.ASIA (PN ASIA)
អ្នកយកអត្ថយកទៅផ្សាយបន្តដោយគ្មានការអនុញាតិ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។
សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក ទូរស័ព្ទលេខ 012816262 010481481 ។