កងទ័ពចិន ព្រមានពី ពីការបាក់ ទំនប់វារីអគ្គិសនីក្នុងទីក្រុងលូយ៉ាង “អាចនឹងបាក់គ្រប់ពេល” សារភ្លៀងធ្លាក់ឥតឈប់ឈរ

ដោយ ៖ ហេង រតនះ
ថ្ងៃទី21 ខែ07 ឆ្នាំ2021 ម៉ោង 3:44 PM

អន្តរជាតិ៖ អង្គភាពតំបន់នៃកងទ័ពរំដោះប្រជាជនចិន (PLA) កាលពីល្ងាចថ្ងៃអង្គារទី២០ ខែកក្កដា ឆ្នាំ២០២១ បានព្រមានថា ភ្លៀងធ្លាក់ឥតឈប់ឈរ បានបណ្តាលឱ្យបាក់ស្រុតប្រវែង ២០ម៉ែត្រនៅទំនប់វារីអគ្គិសនីយីហេតាន់ ក្នុងទីក្រុងលូយ៉ាង ដែលមានប្រជាជនប្រមាណ ៧លាននាក់រស់នៅ។

ទំនប់វារីអគ្គិសនីមួយស្ថិតនៅភាគកណ្តាលប្រទេសចិន “អាចនឹងបាក់គ្រប់ពេល” បន្ទាប់ពីរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារព្យុះភ្លៀងដ៏ខ្លាំងក្លា ហើ យបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣នាក់ មិនតែប៉ុណ្ណោះធ្វើឱ្យតំបន់នេះជាប់គាំងផងដែរ។ នេះបើតាមការព្រមានពីកងទ័ពចិន។

ទីបញ្ជាការដ្ឋានកណ្តាលរបស់ PLA បាននិយាយថា ខ្លួនបានបញ្ជូនទាហានដើម្បីអនុវត្តការឆ្លើយតបបន្ទាន់ ដែលរួមមានទាំងការបំផ្ទុះបំបាក់ទំនប់និងបង្វែរទឹកជំនន់ទៅកន្លែងផ្សេង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ទីបញ្ជាការនេះ បាននិយាយបន្ថែមថា៖“នៅថ្ងៃទី ២០ ខែកក្កដាម្សិលមិញនេះ ការបាក់ស្រុតប្រវែង ២០ ម៉ែត្របានកើតឡើងនៅឯទំនប់យីហេតាន់…ច្រាំងទន្លេបានខូចខាតយ៉ាងធ្ងន់ធ្ងរហើយទំនប់នេះអាចនឹងបាក់គ្រប់ពេល”។

ដោយឡែកជុំវិញករណីនេះដែរ អាជ្ញាធរអាកាសធាតុ បានចេញនូវការព្រមានកម្រិតខ្ពស់បំផុតសម្រាប់ខេត្តហឺណាន ភាគកណ្តាលប្រទេសចិន ខណៈភ្លៀងធ្លាក់ខ្លាំងបានបង្កការរំខានយ៉ាងខ្លាំងនិងការជម្លៀសប្រជាជននៅតាមដងផ្លូវលិចទឹក។
គួរបញ្ជាក់ថា នៅប្រទេសចិន ករណីទឹកជំនន់កើតមានជាធម្មតារាល់រដូវវស្សា ដែលបណ្តាលឱ្យមានភាពវឹកវរជារៀងរាល់ឆ្នាំនិងបានពន្លិចផ្លូវថ្នល់ដំណាំ និងផ្ទះសម្បែងរបស់ប្រជាជនផងដែរ៕









© 2019 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ PEOPLENEWS.ASIA (PN ASIA)
អ្នកយកអត្ថយកទៅផ្សាយបន្តដោយគ្មានការអនុញាតិ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។
សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក ទូរស័ព្ទលេខ 012816262 010481481 ។