កីឡាករCristiano Ronaldo ត្រលប់មក Man Utd គឺដើម្បីដឹងគុណលោក Sir Alex

ដោយ ៖ ហេង រតនះ
ថ្ងៃទី01 ខែ09 ឆ្នាំ2021 ម៉ោង 9:47 AM

កីឡាបរទេស ៖ កីឡាករCristiano Ronaldo ត្រលប់មក Man Utd គឺដើម្បីដឹងគុណលោក Sir Alex ជាពិសេសដែលបានធ្វើឲ្យរូបគេឈ្នះពានរង្វាន់ក្នុងស្រុកលើកដំបូង ការកោះហៅលើកដំបូងទៅជម្រើសជាតិព័រទុយហ្គាល់ ពាន Champions League លើកដំបូង ពានស្បែកជើងមាសលើកដំបូង Ballon d’Or លើកដំបូងផងដែរ។

កាលពីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ជាថ្ងៃដែលក្លឹបទាំងសងខាង Juventus និងMan Utd ប្រកាសអំពីការផ្ទេររបស់ Cristiano Ronaldo ហើយសាមីខ្លួនក៏បានបង្ហោះសារផ្លូវការ និងការយល់ឃើញមួយចំនួនជាលើកដំបូងផងដែរដែលបានមកកាន់ក្លិបចាស់របស់ខ្លួនវិញនោះ។

តារាឆ្នើមព័រទុយហ្គាល់បានរៀបរាប់នៅពាក្យដ៏មានន័យលើ Instagram បែបនេះថា៖ “គ្រប់គ្នាដឹងច្បាស់ពីខ្ញុំ ដឹងពីការស្រលាញ់ដែលគ្មានថ្ងៃបញ្ចប់សម្រាប់ Man Utd ហើយខ្ញុំធ្លាប់បានចំណាយពេលច្រើនឆ្នាំជាមួយពេលវេលាដ៏អស្ចារ្យ ដែលយើងបានចាររួមគ្នា ដោយខ្ញុំពិតជាពិបាកពន្យល់នៅអារម្មណ៍ពេលនេះ ក្រោយពីខ្ញុំបានឃើញការប្រកាសនៅការត្រលប់របស់ខ្ញុំទៅកាន់ Old Trafford ទូទាំងពិភពលោក”។លោកបន្ត៖ “វាប្រៀបដូចជាក្តីស្រមៃដែលបានក្លាយជាការពិត បន្ទាប់ពីខ្ញុំធ្លាប់លេងតតាំងក្លឹប Man Utd ក្នុងនាមជាគូប្រជែង តែខ្ញុំនៅទទួលបានអារម្មណ៍គោរពស្រលាញ់ពីអ្នកគាំទ្រជានិច្ចពេលនោះ នេះគឺ១០០ ភាគរយបានក្លាយជាការពិត”។

“ពានរង្វាន់ក្នុងស្រុកលើកដំបូង ការកោះហៅលើកដំបូងទៅជម្រើសជាតិព័រទុយហ្គាល់ ពាន Champions League លើកដំបូង ពានស្បែកជើងមាសលើកដំបូង Ballon d’Or លើកដំបូង គឺសុទ្ធតែកើតឡើងចេញពីការផ្សារភ្ជាប់ដ៏ពិសេសរវាងខ្ញុំនិងបិសាចក្រហម ប្រវត្តិសាស្រ្តបានកត់ត្រាទុកកាលពីអតីតកាល ហើយវានឹងកត់ត្រាជាថ្មីម្តងទៀត ខ្ញុំមកដល់ទីនេះហើយ ខ្ញុំត្រលប់មកកន្លែងរបស់ខ្ញុំហើយ នេះទៅកាន់លោក Sir Alex គឺសម្រាប់លោកគ្រូជាពិសេស”៕
photo_2021-09-01_09-29-40
photo_2021-09-01_09-29-26










© 2019 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ PEOPLENEWS.ASIA (PN ASIA)
អ្នកយកអត្ថយកទៅផ្សាយបន្តដោយគ្មានការអនុញាតិ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។
សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក ទូរស័ព្ទលេខ 012816262 010481481 ។