សប្តាហ៍ទី២ ខែកញ្ញា មានភ្ញៀវទេសចរជាង៦ ម៉ឺននាក់ ចេញដើរកម្សាន្តនៅទូទាំងប្រទេស

ដោយ ៖ ហេង រតនះ
ថ្ងៃទី15 ខែ09 ឆ្នាំ2021 ម៉ោង 8:17 AM

តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលទទួលបានពីគ្រប់មន្ទីរទេសចរណ៍រាជធានី ខេត្ត បានឱ្យដឹងថា ក្នុងសប្ដាហ៍ទី២ នៃខែកញ្ញា (ថ្ងៃទី១១-១២) នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរសរុបចំនួន៦៣,៤២១ នាក់ ក្នុងនោះមានភ្ញៀវជាតិ៦២,៤៦២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៩៥៩ នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ រាជធានីភ្នំពេញ៖ ១៨,៨៤៦ នាក់, ខេត្តកំពត៖ ១៥,៧២១ នាក់, ខេត្តកែប៖ ៧,៥៧០ នាក់, ខេត្តតាកែវ៖ ៣,៧៣៦ នាក់, ខេត្តព្រះសីហនុ៖ ៣,៣៨៤ នាក់, ខេត្តពោធិ៍សាត់៖ ៣,២៥៨ នាក់។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៏បានបញ្ជាក់ថា តួលេខនេះមានការកើនឡើង ២៤.២៥ ភាគរយ ធៀបនឹងសប្តាហ៍កន្លងទៅ។ ជាការវាយតម្លៃបឋម ចរន្តភ្ញៀវទេសចរណ៍ផ្ទៃក្នុងនៅមិនទាន់មានចំនួនច្រើននៅឡើយទេ ខណៈរាជធានី-ខេត្តមួយចំនួននៅបន្តដាក់ចេញវិធានការរដ្ឋបាលដាច់ដោយឡែក ក្នុងការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩។ លោកបន្តទៀតថា មន្ទីរទេសចរណ៍ដែលជាសេនាធិការឲ្យរដ្ឋបាលរាជធានី-ខេត្តបាននិងកំពុងជំរុញការផ្សព្វផ្សាយ និងចុះអនុវត្តយ៉ាងសកម្មនូវវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាអប្បបរមា (SOP) ដែលក្រសួងទេសចរណ៍បានដាក់ឲ្យអនុវត្តកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១កន្លងមក នៅតាមមូលដ្ឋានអាជីវកម្មស្នាក់នៅ ភោជនីយដ្ឋាន រមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍នានា ដើម្បីធានាការបើកដំណើរការមូលដ្ឋានអាជីវកម្មក្នុងគន្លងប្រក្រតីភាពថ្មី ប្រកបដោយសុវត្ថិភាពពីជំងឺកូវីដ-១៩ និងធានាបាននូវគុណភាពសេវាកម្មប្រកបដោយភាពពេញចិត្ត។

ជាងនេះទៀត ក្រសួងទេសចរណ៍ក៏បានដាក់ចេញសារាចរណែនាំ ដើម្បីគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាពផលិតផលទេសចរណ៍ សម្រាប់ថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌផងដែរ៕

Untitled-1photo_2021-09-14_18-49-10 (5) photo_2021-09-14_18-49-11 (3) photo_2021-09-14_18-49-10 (2)










© 2019 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ PEOPLENEWS.ASIA (PN ASIA)
អ្នកយកអត្ថយកទៅផ្សាយបន្តដោយគ្មានការអនុញាតិ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។
សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក ទូរស័ព្ទលេខ 012816262 010481481 ។